×

កីឡាករអ៊ីតាលី Francesco Bagnaia ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី Qatar Motorcycle Grand Prix

ការប្រណាំងម៉ូតូ GP ជ្រើសរើសជើងឯកពិភពលោក MotoGP World Championship ប្រចាំរដូវកាល ២០២៤ បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដោយការប្រកួតដំណាក់កាលបើកឆាក ជាកម្មវិធី Qatar Motorcycle Grand Prix។

ការប្រកួតបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Lusail International Circuit ស្ថិតនាទីក្រុង Lusail ប្រទេសកាតា ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាជិះចំនួន ២១ ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 112,98 គីឡូម៉ែត្រ។

នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះផងដែរ នោះគឺម្ចាស់ជើងឯកពិភពលោករដូវកាលមុន កីឡាករ អ៊ីតាលី Francesco Bagnaia មកពីក្រុម Ducati ដោយបានប្រើពេលអស់ ៣៩នាទី និង ៣៤វិនាទី ចុច៨៦៩។ វាអាចចាត់ទុកជាការចាប់ផ្តើម យ៉ាងល្អមួយទៀតរបស់ Francesco Bagnaia ក្នុងយុទ្ធនាការការពារតំណែងជើងឯកពិភពលោករបស់គេនៅក្នុងរដូវកាល ២០២៤នេះ។

សម្រាប់អ្នកទទួលបានចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតគឺកីឡាករអាហ្រ្វិកខាងត្បូង Brad Binder មកពីក្រុម KTM ដោយយឺតជាង ១វិនាទី ចុច៣២៩ ហើយកីឡាករអេស្ប៉ាញ Jorge Martin មកពីក្រុម Ducati បានទទួលចំណាត់ថ្នាក់លេខ៣ យឺតជាង អ្នកលេខ១ ចំនួន ១វិនាទី ចុច៩៣៣។

ងាកមកកាន់ការប្រកួត Moto 2 វិញ ជ័យជម្នះបានទៅលើកីឡាករអេស្ប៉ាញ Alonso Lopez មកពីក្រុម Boscoscuro ហើយការប្រកួត Moto 3 វិញ ជ័យជម្នះបានទៅលើកីឡាករកូឡុំប៊ី David Alonso មកពីក្រុម CFMoto។

សូមបញ្ជាក់ថា ការប្រណាំងម៉ូតូ GP ជ្រើសរើសជើងឯកពិភពលោក MotoGP World Championship ប្រចាំរដូវកាល ២០២៤ មានទាំងអស់២១ដំណាក់កាល។ សម្រាប់ការប្រកួតដំណាក់ជាបន្ត គឺដំណាក់កាលទី២ ជាកម្មវិធី Grande Prémio Tissot de Portugal ធ្វើឡើងនាទីក្រុង Portimão ប្រទេសព័រទុយហ្គាល់ នាថ្ងៃទី២៤ ខែមីនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង