×

Leicester បញ្ចប់តំណែងគ្រូបង្វឹកក្រុមបាល់ទាត់នារី ក្រោយការស៊ើបអង្កេតទំនាក់ទំនងជាមួយកូនក្រុម

Leicester City បានបណ្តេញអ្នកចាត់ការ Willie Kirk ចេញពីតំណែង បន្ទាប់ពីធ្វើការស៊ើបអង្កេតលើទំនាក់ទំនងរវាងគាត់ជាមួយកីឡាការិនីម្នាក់។

លោក Kirk ត្រូវបានព្យួរពីការងារនៅដើមខែនេះ ខណៈដែលក្លិប Leicester បានបើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ទៅលើបុរសសញ្ជាតិស្កុតឡែន វ័យ ៤៥ ឆ្នាំរូបនេះ។

Kirk មិនបានឈរបញ្ជាកូនក្រុមក្នុងការប្រកួតចំនួនពីររបស់ពួកគេ ដែលប្រកួតទល់នឹងក្រុម Tottenham Hotspur និង Brighton ហើយគាត់ក៏អវត្តមានផងដែរសម្រាប់ការទទួលជ័យជម្នះ ២-០ លើក្រុម Liverpool ដែលបានធ្វើឱ្យពួកគេទទួលបានកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួត ពានរង្វាន់ FA Cup ។

Kirk ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីគាត់បានស្នាក់នៅរយៈពេល ២ ឆ្នាំ។ គាត់បានចូលរួមជាមួយក្រុម Leicester ក្នុងខែកក្កដា ឆ្នាំ២០២២ ក្នុងតួនាទីជានាយកបាល់ទាត់ មុនពេលជំនួសតំណែងអ្នកស្រី Lydia Bedford ៤ខែក្រោយមក។

Leicester កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងក្របខណ្ឌ Women’s Super League (WSL) ស្មើនឹង Premier League (ក្របខណ្ឌបាល់ទាត់បុរសនៅអង់គ្លេស) ដោយទទួលបាន ១៦ ពិន្ទុ ក្នុង ១៧ ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង