ប៉ាក់គីអៅ ប្រាប់ទៅអ្នករើសអើងជនជាតិអាស៊ីថា “បើខ្លាំងមកវ៉ៃជាមួយខ្ញុំ”

ហ្វីលីពីន៖ ស្ដេចប្រដាល់ហ្វីលីពីន លោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានអស់ភាពអត់ធ្មត់ និងបានចេញមកប្រកាសនៅលើបណ្ដាញសង្គមដើម្បីប្រាប់ទៅកាន់ពលរដ្ឋអាមេរិកដែលរើសអើង និងបង្កអំពើហិង្សាលើអ្នកមានដើមកំណើតនៅអាស៊ីដែលរស់នៅលើទឹកដីអាមេរិក ថា បើខ្លាំងមកវ៉ៃជាមួយគាត់។

លោក ប៉ាក់គីអៅ ដែលរហស្សនាមថា PacMan នេះ បានបង្ហោះសារលើបណ្ដាញសង្គមជាមួយ #StopAsianHate៖ “បញ្ឈប់ការវាយប្រហារទៅលើជនជាតិអាស៊ីដែលមិនអាចការពារខ្លួនពួកគាត់បាន។ ខ្លាំងមកវ៉ៃជាមួយខ្ញុំជំនួសវិញ។”

រូបថតរបស់លោក ប៉ាក់គីអៅ បានបង្ហាញជនរងគ្រោះជាច្រើនដែលត្រូវបានជនជាតិអាមេរិក វាយដំលើជនជាតិអាស៊ី ពិសេសមនុស្សវ័យចំណាស់ បណ្ដាលឱ្យពួកគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ។

រីឯកាលពីពេលថ្មីៗនេះដែរ បុរសខ្មែរមួយរូប ដែលបានធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកក្នុងរដ្ឋកាលីហ្វរញ៉ាឈ្មោះ ឆេង វ័យ៧០ ឆ្នាំ ត្រូវបានជនអនាមិកដុតបំផ្លាញរថយន្តពណ៌សមួយគ្រឿងអស់គ្មានសល់។ ក្នុងតំបន់ដែលលោករស់នៅគឺមានតែ ២ ផ្ទះប៉ុណ្ណោះដែលជាជនជាតិអាស៊ីដោយអ្នកជិតខាងមួយទៀតជាជនជាតិចិន។

អ៊ុប្រុស ឆេង បានបញ្ជាក់ថា គាត់គ្រាន់តែចង់រស់នៅដោយសន្តិភាពប៉ុណ្ណោះ ពួកគាត់ក៏មិនបានធ្វើអ្វីខុសដែរ គាត់បានបាត់បង់ការងារការពីឆ្នាំទៅ ឥលូវត្រូវមកបាត់បង់រថយន្តមួយគ្រឿងទៀត ពេលនេះលោកគ្មានសល់អ្វីទៀតឡើយ។

គួរបញ្ជាក់ថា ជនជាតិអាមេរិកមានការស្អប់ខ្ពើមជនជាតិអាស៊ីជាខ្លាំង និងព្យាយាមវាយប្រហាររហូតដល់ជនជាតិអាស៊ីនៅទីនោះមានក្តីព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.