អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងថាកាយសម្ព័ន្ធកម្ពុជាបានត្រៀមអត្តពលិក៦នាក់ចូលរួមស៊ីហ្គេម ២០២១

ភ្នំពេញ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ថា ការហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាមនៅចុងឆ្នាំ២០២១នេះ គឺកាយសម្ព័ន្ធកម្ពុជា បានត្រៀមបញ្ជូនកីឡាករ៤នាក់ និងកីឡាការិនី២នាក់ ដែលក្នុងនោះ កីឡាករជម្រើសជាតិម្នាក់ នឹងត្រូវបញ្ជូនទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន នាខែសីហា។

លោកបានបន្ថែមទៀតថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជួលគ្រូបង្វឹកម្នាក់ មកពីប្រទេសរុស្ស៊ី ដើម្បីជួយជំរុញលើផ្នែកបច្ចេកទេស ផ្នែកអាអេរ៉ូប៊ិក នៅក្នុងប្រទេសកម្ពុជា ដែលគ្រូបង្វឹករុស្ស៊ី អាចនឹងមកដល់កម្ពុជា នាខែក្រោយនេះ តាមការគ្រោងទុក ប៉ុន្តែវាអាស្រ័យលើស្ថានភាពជាក់ស្តែងលើបញ្ហា កូវីដ-១៩ បើអាចមកបាន យើងនឹងទទួល ប៉ុន្តែបើស្ថានភាពនៅតែតានតឹងគឺ យើងនឹងពន្យារពេលតាមការជាក់ស្តែង។

 

នេះគឺជាផែនការសកម្មភាព ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បាននិងកំពុងធ្វើដោយការយកចិត្តទុកខ្ពស់ តាមការណែនាំយ៉ាងម៉ឺងម៉ាត់បំផុតរបស់ លោក ថោង ខុន ប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ កីឡាករ កីឡាការិនី កីឡាកាយសម្ព័ន្ធ ត្រូវតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំ ដូច្នេះហើយទើបយើង តែងតែអនុវត្តនូវផែនការ ដើម្បីគោលដៅចម្បងៗចំពោះមុខ ក្នុងការថែរក្សាគុណផលរបស់កីឡាករ កីឡាការិនី វ័យក្មេងឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមផងក៏ដូចជាគោលដៅឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.