×

ខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញក្តីរីករាយចំពោះអាជីពនៅអារ៉ាប៊ីសាអ៊ូឌីត

ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករល្បីឈ្មោះខ្លាំងដំបូងគេបង្អស់ដែលផ្លាស់ទៅក្លិបក្នុងលីគអារ៉ាប៊ីសាអ៊ូឌីត កាលពីដើមឆ្នាំ ២០២៣ ហើយដល់ពេលនេះ រូបគេបាននិយាយដោយបើកចំហពីអារម្មណ៍រីករាយ ចំពោះអាជីពរបស់គេនៅមជ្ឈិមបូព៌ា។

កីឡាករវ័យ៣៩ឆ្នាំ បានចូលរួមក្លិប Al Nassr បន្ទាប់ពីត្រូវបានក្លិប Man UTD ផ្តាច់កុងត្រាមុនពេលកំណត់ ព្រោះតែបញ្ហាជម្លោះនឹងគ្រូបង្វឹកលោក Erik ten Hag ព្រមទាំងការរិះគន់ការដឹកនាំក្លិបមិនល្អ អំឡុងពាក់កណ្តាលរដូវកាល ២០២២-២៣។

ជាមួយក្លិប Al Nassr កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យ មានកិច្ចសន្យាប្រកបអាជីពក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតរហូតដល់ឆ្នាំ ២០២៥។ កុងត្រាមួយឆ្នាំ Ronaldo រកបានប្រាក់ជាង ២០០លានដុល្លារ ជាមួយនឹង Al Nassr។ Ronaldo បានជួបប្រទះការកើនឡើងទម្រង់លេងល្អឡើងវិញ រួមជាមួយការនឹងស៊ុតបាល់បញ្ចូលទីជាញឹកញ៉ាប់ ក្រោយពេលចេញពី Man UTD។

ឆ្នាំ ២០២៥ Ronaldo នឹងអាចឈានដល់វ័យ ៤០ឆ្នាំ តែស្ថានភាពរាងកាយរបស់គេ ពិតជាមិនបង្ហាញសញ្ញាថាមានការថមថយកម្លាំងនៅឡើយ។

ក្នុងឆ្នាំ ២០២៥ ដដែល កុងត្រារបស់ Ronaldo នឹងត្រូវផុតកំណត់ ហើយគេនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួនសារជាថ្មី។ ប៉ុន្តែកន្លងមកបានបង្ហាញថាម្ចាស់ Ballon d’Or ៥សម័យ ហាក់រីករាយខ្លាំងក្នុងការលេងនៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា។

Ronaldo អះអាងដូច្នេះថា៖ “ខ្ញុំនិងមិត្តរួមក្រុមរីករាយចំពោះពេលវេលាលេង ព្រមទាំងពានរង្វាន់កំពុងប្រជែងនាបច្ចុប្បន្ន។ ខ្ញុំរីករាយក្នុងស្នាក់នៅក្នុងអារ៉ាប៊ីសាអ៊ូឌីត ពិតជារីករាយខ្លាំងណាស់។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងក្នុងការលេងឱ្យ Al Nassr ហើយសម្រាប់ខ្ញុំរដូវកាលរបស់យើងកំពុងមានភាពវិជ្ជមាន។”

ដោយឡែក អតីតកីឡាករ Real Madrid នៅតែបន្តលេងអោយក្រុមជម្រើសជាតិក្នុងនាមជាប្រធានក្រុមថែមទៀត ហើយបច្ចុប្បន្ន គេក៏ជាកីឡាករតែម្នាក់ដែលរកបានគ្រាប់បាល់ស៊ុតច្រើនជាងគេ និងបង្ហាញខ្លួនច្រើនបំផុតក្នុងប្រវតិ្តសាស្ត្រក្រុមជម្រើសជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង