×

អ្នកគាំទ្រ Eintracht Frankfurt ប៉ះទង្គិចជាមួយប៉ូលីសនៅអ៊ីតាលី អំឡុងការប្រកួត UEFA Champions League ទល់នឹង Napoli

មានការប៉ះទង្គិចបានកើតឡើងរវាងក្រុមប៉ូលីសអ៊ីតាលី និងអ្នកគាំទ្រ Eintracht Frankfurt បន្ទាប់ពីអាជ្ញាធរប្រទេសនេះបានហាមឃាត់អ្នកគាំទ្រក្រុមមកពីអាល្លឺម៉ង់ មិនឱ្យចូលក្នុងទីលានប្រកួតអំឡុងការប្រកួតទល់នឹង Napoli នៅជើងទី២វគ្គ១៦ក្រុម UEFA Champions League។

ការហាមឃាត់ត្រូវបានធ្វើឡើងសម្រាប់អ្នកគាំទ្រក្រុម Frankfurt ដោយអាជ្ញាធរលើកហេតុផល ពីការព្រួយបារម្ភសុវត្ថិភាព បន្ទាប់ពីមានអំពើហិង្សារវាងអ្នកគាំទ្រក្នុងការប្រកួតជើងទីមួយ។

អ្នកគាំទ្រដែលមានការខឹងសម្បារទៅនឹងចំណាត់ការនេះ បានគប់របស់របរដាក់ប៉ូលិសហើយថែមទាំងដុតរថយន្តប៉ូលិសមួយគ្រឿងផងដែរ។
អ្នកគាំទ្រ Eintracht Frankfurt ប្រហែល ៤០០ នាក់ដែលមិនមានសំបុត្របានមកដល់ Naples កាលពីថ្ងៃអង្គារ តាមរថភ្លើងពីទីក្រុង Salerno ហើយត្រូវបានគេនាំទៅសណ្ឋាគារមួយក្បែរសណ្ឋាគារដែលក្រុមបាល់ទាត់របស់ពួកគេស្នាក់នៅ ហើយក្រោយមកពេលវេលានៃការប្រកួតមកដល់ក៏ស្រាប់តែមានរឿងរ៉ាវប៉ះទង្គិចគ្នាបែបនេះតែម្តង។

សូមបញ្ជាក់ដែរថា អ្នកគាំទ្រក្រុមទាំងពីរធ្លាប់បានប៉ះទង្គិចគ្នាមុនការប្រកួតជើងទីមួយក្នុងទីក្រុង Frankfurt ដោយប៉ូលិសបានចាត់ទុកការប្រកួតនោះថាមានហានិភ័យខ្ពស់។

សម្រាប់លទ្ធផលនៃការប្រកួតវិញគឺ Napoli បានឈ្នះ Eintracht Frankfurt សាជាថ្មីដោយលទ្ធផល ៣-០ បន្ទាប់ពីជើងទី១ឈ្នះដោយលទ្ធផល ២-០។ សរុបការប្រកួតទាំង២ជើងគឺ Napoli ឈ្នះ Eintracht Frankfurt ៥-០ ដូច្នេះពួកគេក៏បានក្លាយជាក្រុមដែលត្រូវបន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង