×

លោក ម៉ា ភារ៉ា សាកល្បងពន្យល់ “ហេតុអ្វីបានជាគេហៅថាអ្នកវិភាគបាល់ទាត់?”

លោក ម៉ា ភារ៉ា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៅគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាញឹកញាប់តែងតែចែករំលែកនូវចំណេះដឹងផ្នែកបាល់ទាត់នានា។ ក្រុមការងារ CBS Sport ចែករំលែកបន្ដនូវគំនិតយោបល់ទាំងស្រុងរបស់គាត់ដូចខាងក្រោមនេះ ដើម្បីជាទស្សនទានក្នុងការយល់ដឹង។

“ជាក់ស្តែងនៅឯខាងប្រទេសដែលកំពុងមានការអភិវឌ្ឍបាល់ទាត់ គឺភាគច្រើនសំបូរទៅដោយកម្មវិធីវិភាគបាល់ទាត់ និងអ្នកវិភាគឯករាជ្យ សូម្បីតែក្លិបក៏ត្រូវការរៀបចំក្រុមអ្នកវិភាគ ដើម្បីរកវិធីសាស្ត្រក្នុងការរៀបចំប្រកួត និងព្យាយាមស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយរបស់ដៃគូរប្រកួត។

ការវិភាគនៅលើវិស័យកីឡាបាល់ទាត់នេះគឺមិនមែនបណ្តុះបង្អាប់ ឬរិះគន់នោះទេ ប៉ុន្តែវាជាចំណុចល្អដែលយើងបានស្វែងយល់ពីប្រព័ន្ធប្រកួតរបស់ក្លិប បច្ចេកទេសផ្សេងៗគ្នារបស់គ្រូបង្វឹកនីមួយៗ ចំណុចខ្លាំង ចំណុចខ្សោយរបស់កីឡាករ តាមរយៈកម្មវិធីវិភាគ និងអ្នកវិភាគឯករាជ្យ។

ដូចបងប្អូនបានឃើញហើយ កីឡាករអាជីពមួយចំនួនបានចូលនិវត្តន៍ពីអាជីពជាកីឡាករ ហើយបានទៅធ្វើជាអ្នកវិភាគឯករាជ្យ ដើម្បីចែករំលែកបច្ចេកទេសពីអាជីពជាកីឡាកររបស់ខ្លួន ហើយខ្លះទៀតឈានទៅដល់ការវិភាគក្លិបខ្លួនឯងផ្ទាល់ ដើម្បីអោយអ្នកគាំទ្របានយល់ច្បាស់អំពីប្រព័ន្ធប្រកួតនីមួយៗ។

បើសិននិយាយពីបាល់ទាត់ក្នុងស្រុកយើងវិញ មិនសូវមានអ្នកហ៊ានធ្វើអ្នកវិភាគទេ ភាគច្រើនចេញមកពីកីឡាករ និងគ្រូបង្វឹកតែម្តង ដោយសារតែអ្នកគាំទ្រមួយចំនួនមិនបានបើកចិត្តទូលាយក្នុងការស្វែងយល់អំពីអាជីពជាអ្នកវិភាគ ពេលខ្លះឈានដល់ប្រតិកម្មពីក្លិបផ្ទាល់ ដោយនិយាយថាអ្នកវិភាគទាំងនោះព្យាយាមបង្ហាញពីតាក់តិច និងប្រព័ន្ធប្រកួតរបស់គេ ដែលគេគិតថាជារឿងសម្ងាត់ ហើយខ្លះទៀតត្រូវបានបងប្អូនសាច់ញាតិរបស់កីឡាកររិះគុណថា បានជាន់ពន្លិច និងនិយាយឱ្យបាក់ទឹកចិត្តកីឡាករទៀតផង។

មូលហេតុនេះហើយ ដែលធ្វើឱ្យវិស័យព័ត៌មានកីឡាបាល់ទាត់ក្នុងស្រុករបស់យើងបានធ្លាក់ចុះដូចបងប្អូនបានឃើញហើយ រាល់ថ្ងៃនេះនៅសល់ប៉ុន្មានស្ថាប័នប៉ុណ្ណោះ ដែលនៅព្យាយាមផ្សព្វផ្សាយពីកីឡាបាល់ទាត់ក្នុងស្រុកយើង ដោយសារតែមិនមានការជំរុញពីស្ថាប័នពាក់ព័ន្ធ ហើយផ្ទុយទៅវិញ មួយចំនួនត្រូវបានរិះគុណពីក្លិបបើសិនហ៊ាននិយាយប៉ះពាល់ដល់កីឡាករគេ។

សម្រាប់អ្នកវិភាគឯករាជ្យ គឺមានសិទ្ធនិយាយដោយមិនប៉ះពាល់ដល់ស្ថាប័នផ្សេងៗ ក្នុងន័យការយល់ឃើញរបស់ពួកគេផ្ទាល់ ប៉ុន្តែខុស ឬត្រូវគឺពួកគេជាទទួលខុសត្រូវដោយខ្លួនឯង ក្នុងបទបញ្ជាការប្រកួតផ្សេងៗ គឺមិនមានបែងចែកថាការវិភាគជាការធ្វើអោយខុសបច្ចេកទេសនោះទេ។

ជាចុងក្រោយ ខ្ញុំសូមអភ័យទោសប្រសិនការនិយាយនេះមានកំហុសខុសឆ្គង និងប៉ះពាល់អារម្មណ៍របស់បងប្អូនទាំងអស់គ្នា ខ្ញុំគ្រាន់តែបញ្ចេញមតិក្នុងនាមជាអ្នកគាំទ្រកីឡាក្នុងស្រុកម្នាក់ប៉ុណ្ណោះ៕”

ប្រភព ៖ លោក ម៉ា ភារ៉ា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៅគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង