ម្ចាស់ជើងឯកខ្សែក្រវាត់ WBC Heavyweight អ្នកប្រដាល់ Tyson Fury នឹងត្រូវត្រៀមខ្លួនជួបជាមួយអតីតម្ចាស់ជើងឯកប្រដាល់ក្នុងទ្រុង UFC Heavyweight, Francis Ngannou នៅក្នុងការប្រកួតដែលនឹងធ្វើឡើងនាប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី២៨ ខែតុលា ខាងមុខ។
ដំបូងឡើយ Tyson Fury ជនជាតិអង់គ្លេសវ័យ ៣៤ឆ្នាំ ត្រូវផ្គូផ្គងអោយប្រកួតទល់នឹងម្ចាស់ជើងឯក ៤ស្ថាប័ន IBF, IBO, WBO និង WBA Champion គឺអ្នកប្រដាល់អ៊ុយក្រែន Oleksandr Usyk ដែលការប្រកួតរវាងអ្នកទាំងពីរនឹងក្លាយជាការប្រកួតបង្រួមខ្សែក្រវាត់ដ៏អស្ចារ្យមួយ។ ប៉ុន្តែ គួរអោយស្តាយដោយការប្រកួតត្រូវបានអាក់ខានទៅវិញ ក្រោយការចរចាបរាជ័យកាលពីខែមីនា។ ចុងក្រោយអ្នករៀបចំកម្មវិធីប្រកួតក៏បាន ផ្គូផ្គងអោយ Tyson Fury មកជួបជាមួយនឹង Francis Ngannou វិញ។
ចាប់តាំងពីបានយកឈ្នះកីឡាករ Derek Chisora ជនជាតិអង់គ្លេសដូចគ្នា ក្នុងការប្រកួតដណ្តើម ខ្សែក្រវាត់ WBC Heavyweight ក្នុងទឹកទី១០នាសង្វៀន Tottenham Hotspur Stadium ទីក្រុងឡុង កាលពីដើមខែធ្នូឆ្នាំមុនរួចមក Tyson Fury មិនបានចូលរួមការប្រកួតទៀតនោះទេ ដោយរូបគេនៅតែរក្សាកំណត់ត្រាឈ្នះ ៣៣ដង ស្មើ១ដង មិនដែលចាញ់។
សម្រាប់ Francis Ngannou ជនជាតិកាម៉េរូនកាត់បារាំងវិញ បានផ្លាស់ប្តូរអាជីពពីអ្នកប្រដាល់ក្នុងទ្រុង មកជាអ្នកប្រដាល់សកល ក្រោយផ្តាច់កុងត្រាជាមួយស្ថាប័ន UFC កាលពីខែមករា ដោយការប្រកួតប្រដាល់ក្នុងទ្រុងរូបគេក៏មានកំណត់ត្រាល្អផងដែរគឺ ប្រកួត ២០ដង ឈ្នះ ១៧ និងចាញ់៣ដង។ ការប្រកួតទល់នឹង Tyson Fury ក៏ជាការប្រកួតប្រដាល់សកលលើកដំបូងរបស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះផងដែរ៕