×

ល្បែងសី ដែលជាល្បែងប្រជាប្រិយខ្មែរ មានការលេងស្រដៀងឈិនឡូន

ល្បែងសី ជាល្បែងមួយយ៉ាងសម្រាប់ប្រជាជនខ្មែរ ពូៗអ៊ំៗ គេលេងនៅទីវាល នៅពេលទំនេរពីការងារ ឬនៅពេលមានបុណ្យទានផ្សេងៗនៅវត្តអារាម យ៉ាងណាមិញល្បែងប្រជាប្រិយខ្មែរនេះ ហាក់ពុំសូវឃើញនិយមលេងដូចល្បែងប្រជាប្រិយ បោះអង្គញ់ ចោលឈូង លាក់កន្សែង… ជាដើម។

ល្បែងសី មានលក្ខណៈស្រដៀងនឹងកីឡាឈិនឡូនដែរ ដោយអ្នកឈរលេងជារង្វង់ ហើយទាត់សី ទៅឱ្យសមាជិកដទៃទៀត។ គោលដៅនៃល្បែងនេះ គឺកុំឱ្យសីធ្លាក់ដល់ដី។ ចំពោះឈិនឡូន គឺជាវិញ្ញាសាប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម ដែលមានជាយូរមកហើយ។

ដោយឡែក បើយើងក្រឡេកមើលល្បែងសី ដែលជាល្បែងប្រជាប្រិយខ្មែរ ចែកជា៣ប្រភេទ រួមមាន សីមីលោង សីដក់ និង សីពែន។

សីទាំង ៣ ប្រភេទ មានប្រដាប់សម្រាប់លេង និងរបៀបលេងប្លែកពីគ្នា។ សម្រាប់សីមីលោង វត្ថុដែលគេយកមកធ្វើសីនេះ គឺគេយកបន្ទះផ្ដៅ ឬរំពាក់មកចាក់ជាក្រឡាភ្នែកក្រួច ឱ្យមានសណ្ឋានមូលប្រមាណប៉ុនត្រឡោកដូងធុនតូច ហើយគេនាំគ្នាទាត់លេង។ អ្នកលេង បបួលគ្នាចំនួន ៤ ទៅ ៥ នាក់ ដែលគេស្ម័គ្រឱ្យមកឈរជាវង់មូលធំ ឬតូច តាមចំនួនមនុស្សតិចឬច្រើន។ ពេលលេងគេចែកជាគូៗ អ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខអ្នកនោះ។ មុនដំបូងអ្នកលេងម្នាក់ដែលមានសីនឹងដៃ ក៏តាំងចាប់ផ្ដើមបោះសីទៅឱ្យគូរបស់ខ្លួន គូនោះក៏ទទួលទាត់ដោយខ្នងជើង លុះទាត់ហើយសីនោះក៏អណ្ដែតឡើងខ្ពស់ ហើយធ្លាក់មកវិញ ពេលធ្លាក់នោះ ជួនក៏ចំអ្នកទាត់នោះវិញ ជួនក៏ចំអ្នកដទៃ ហើយអ្នកដែលសីធ្លាក់មកចំនោះក៏ទទួលទាត់ឡើងភ្លាម។ ចំណែកអ្នកឯទៀត គេត្រៀមខ្លួនចាំ ដោយសម្លឹងប្រុងប្រយ័ត្នភ្នែកជានិច្ច បម្រុងតែនឹងទាត់នៅពេលដែលសីធា្លក់មកចំខ្លួន។ ម្នាក់ៗដែលសីធ្លាក់មកចំខ្លួន គេតែងតែស្ទុះទៅទាត់បញ្ជូនទៅឱ្យគូរបស់គេ។ ប៉ុន្តែជួនក៏បានទៅចំគូរបស់ខ្លួន ជួនក៏ធ្លាក់ទៅចំគូរបស់អ្នកដទៃ ម្លោះហើយគេដណ្ដើមគ្នាទាត់តែរៀងៗខ្លួន។

រីឯ សីដក់ គេធ្វើដោយបន្ទះផ្ដៅ ឬរំពាក់ ឱ្យមានសណ្ឋានដូចសីមីលោងដែរ ប្លែកតែសីដក់គេធ្វើឱ្យមានទំហំ និងមានក្រឡាធំជាង សីមីលោងបន្តិច។ សីដក់ មានរបៀបលេងស្រដៀងនឹងសីមីលោងដែរ ប្លែកតែសីមីលោងគេទាត់ដោយខ្នងជើង ឯសីដក់គេគះដោយកែងដៃ ដោយក្បាលជង្គង់ ដោយស្មា និងដោយក្បាល។

ចំណែក សីពែន គេធ្វើដោយស្លាបសត្វ និងស្បែក ឬស្រកាត្រី គឺពាក់ស្បែកឬស្រកាត្រីត្រួតគ្នា ៣ ឬ ៤ ជាន់ ចៀរជាសណ្ឋានមូល ចោះចំកណ្ដាល ជាប្រហោងហើយយកស្លាបសត្វ ៤ ឬ ៥ ដែលខ្លីៗល្មមមកជ្រំឱ្យស្មើ រួចសកគល់ស្លាបនោះទៅក្នុងរន្ធស្បែក ឬស្រកាត្រីនោះ ហើយបត់ទៅខាងៗ ដោយចងខ្សែលួសឆ្មារភ្ជាប់ទៅនឹងស្បែក ឬស្រកាត្រីនោះ ការពារមិនឱ្យរបួត រួចគេយកទៅទាត់។

របៀបលេងសីពែន គេបបួលគ្នាឱ្យបានចំនួនតាំងពី ២ នាក់ឡើងទៅ មកឈរជារង្វង់មូល ទល់មុខគ្នាជាគូៗ គឺអ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខគ្នានឹងអ្នកនោះ។ កាលបើឈរស្រួលបួលហើយ ម្នាក់ដែលកាន់សីនៅដៃក៏បោះសីទៅឱ្យម្នាក់ទៀត ដែលជាគូរបស់គេ គូនោះក៏ទទួលទាត់ដោយបាតជើង គឺគេលើកជើងឡើងហើយរលាស់បត់ត្រង់កជើងឱ្យបាតជើងខ្វេរឡើងលើ ដូចគេអង្គុយពែនទើបគេហៅថា សីពែន។ ពេលទាត់គេទាត់តម្រង់ឱ្យចំសី សីក៏អណ្ដែតឡើង ហើយធ្លាក់ចុះមកវិញ បើធ្លាក់មកចំអ្នកណា អ្នកនោះទាត់បន្តឡើងទៀត បើធ្លាក់មកចំអ្នកទាត់ដដែលវិញ អ្នកនោះក៏ទទួលទាត់វិញដែរ។ បើសីធ្លាក់មកចំអ្នកណា ហើយអ្នកនោះទទួលទាត់មិនត្រូវ ឬក៏សីនោះធ្លាក់ឆ្ងាយពីអ្នកលេងទាំងអស់គ្នា នាំឱ្យអ្នកលេងរត់ទៅទទួលទាត់មិនទាន់ សីក៏ធ្លាក់ដល់ដី បើធ្លាក់ក្បែរកន្លែងអ្នកណាជាងគេ អ្នកនោះគេរើសបោះទៅឱ្យគូរបស់គេ ដើម្បីឱ្យទាត់តទៅទៀត។ ពេលដែលសីធ្លាក់មកម្ដងៗទាំងអស់គ្នាតែងតែសម្លឹងមើលទៅសីគ្រប់ៗ គ្នា ក្រែងធ្លាក់មកចំខ្លួន ជួនក៏អ្នកទាំង ២ នាក់នឹកត្រូវគ្នា គឺនាក់ម្នាក់នឹកថា សីធ្លាក់មកចំខ្លួន ម្នាក់ទៀតក៏ថា ចំខ្លួនដែរ នាំឱ្យស្ទុះទៅទាត់ដណ្ដើមគ្នាក៏មាន ។​

ម្នាក់ៗដែលសីធ្លាក់មកចំហើយ តែងតែមានចិត្តនឹកថា នឹងទាត់បង្វែរទៅឱ្យគូរបស់ខ្លួនៗ តែជួនកាលក៏បានសម្រេច ជួនកាលក៏មិនបានសម្រេចដែរ ដោយសីនោះមិនទៅចំដូចបំណង។ សីពែននេះ គេទាត់ឬគះ បានតែដោយបាតជើង ភ្នែកគោលកែងជើង កែងដៃ ក្បាលជង្គង់ ក្បាល ស្មា ប្រហែលសីដក់ដែរ តែគេហាមផ្ដាត់មិនឱ្យទាត់ដោយខ្នងជើង ឬទះដោយបាតដៃឡើយ។

ល្បែងសី ជាកីឡារបស់ខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន នៅតែមានតម្លៃ ហើយជាកីឡាហាត់ប្រាណមួយយ៉ាង ខាងកាយសម្បទា ប្រហែលនឹងកីឡាបាល់ទាត់ដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង