×

កម្មវិធីរត់ប្រណាំង Great World Race សាងឯតទគ្គកម្មថ្មីអំពីភាពអត់ធ្មត់រត់ឆ្លងទ្វីប

កីឡាករ Christian Brown Johnson បានសាងឯតទគ្គកម្ម Guinness World Records ដល់ទៅ២វិញ្ញាសារ នៅជំនាន់ទី២នៃព្រឹត្តិការណ៍រត់ប្រណាំង Great World Race ។

ព្រឹត្តិការណ៍រត់ប្រណាំងបែបអត់ធ្មត់នេះរៀបចំឡើងក្នុងពេលថ្មីៗនេះ ហើយមានអ្នកចូលរួមប្រកួត ៥៥រូប មកពី១៦ប្រទេសផ្សេងគ្នា ដោយរត់ម៉ារ៉ាតុន៧សណ្ឋាន ឆ្លងកាត់ទ្វីបចំនួន៧ ហើយក៏មានរយៈពេលត្រឹមតែ៧ថ្ងៃដូចគ្នាផងដែរ ។

អ្នកចូលរួមប្រកួតទាំងអស់ត្រូវជម្នះនឹងឧបសគ្គនានាដូចជាសីតុណ្ហភាពឡើងខ្ពស់ដល់ 34.9°C នៅតំបន់ Perth និងការធ្លាក់ត្រជាក់រហូតដល់ -27°C នៅតំបន់អង់តាកទិក ។

ការរត់ប្រណាំងនេះមានទីសំចតល្បីល្បាញនានាដូចជា៖ ទីក្រុង Cape Town ជាទីក្រុងដ៏ធំរបស់ប្រទេស South Africa សំបូរដោយភ្នំ មាត់សមុទ្រ និងមានវប្បធម៌ចម្រុះ, ទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម (United Arab Emirates) សំបូរដោយអគារទំនើបខ្ពស់កប់ពពក, តំបន់ The Algarve ភាគខាងត្បូងប្រទេសព័រទុយហ្កាល់ ដែលល្បីល្បាញពីអាកាសដ៏កក់ក្តៅ និងតំបន់ Cartagena ជាតំបន់ទីក្រុងកំពង់ផែប្រវត្តិសាស្ត្រអណានិគម ដែលមានភាពចម្រុះពណ៍គួរឱ្យទាក់ទាញ ។

នៅក្នុងព្រឹត្តិការណ៍នោះ កីឡាករ Brown Johnson របស់សហរដ្ឋអាមេរិក បានសាងឯតទគ្គកម្មថ្មីមួយជាប្រវត្តិសាស្ត្រ សម្រាប់ការរត់ចម្ងាយ ៥០គីឡូម៉ែត្រដោយប្រើពេលលឿនបំផុត ជម្នះឧបសគ្គដែលមាននៅទាំង៧ទ្វីប ដោយប្រើពេលវេលាសរុប ៤ម៉ោង, ២៩នាទី និង ២២វិនាទី ស្របនឹងការបំបែកឯតទគ្គកម្មមួយទៀតផងដែរ ក្នុងការបញ្ចប់បេសកកម្មរត់ឆ្លងទ្វីបតិចជាងថេរវេលាកំណត់៧ថ្ងៃ ដោយរូបលោកប្រើពេលអស់ត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW463424112025RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង