
ការហាត់សមសម្រាប់ពិធីបំភ្លឺភ្លើងគប់ កីឡាអូឡាំពិករដូវរងា Milano-Cortina 2026 ត្រូវបានធ្វើឡើងនៅក្នុងសាលកាលពីថ្ងៃអង្គារម្សិលមិញ ដោយសារអាកាសធាតុអាក្រក់ បង្ខំឱ្យអ្នករៀបចំកម្មវិធីគិតឡើងវិញអំពីព្រឹត្តិការណ៍ ដោយវាជាករណីខុសពីទម្លាប់រាងមក ។
ពិធីបំភ្លឺភ្លើងគប់នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី 26 ខែ វិច្ឆិកានេះ នៅប្រទេសក្រិច ប៉ុន្តែមិនដូចព្រឹត្តិការណ៍អូឡាំពិកកន្លងមកទេ ដោយឆ្នាំនេះ ព្រឹត្តិការណ៍នេះនឹងមិនធ្វើនៅកន្លែងបុរាណដ្ឋាន តាមលំអានការប្រកួតកីឡាអូឡាំពិកបពីសម័យយូរលង់នោះឡើយ ប៉ុន្តែមករៀបចំធ្វើនៅក្នុងសារមន្ទីរបុរាណវិទ្យាជំនួសវិញ ។
មូលហេតុការផ្លាស់ប្តូរនេះគឺមកពីផ្ទៃមេឃពេញដោយ ពពកខ្មៅ និងភ្លៀងគ្របដណ្ដប់ផ្នែកខ្លះនៃប្រទេសក្រិកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ខំឱ្យគណៈកម្មាធិការអូឡាំពិកក្រិច សម្រេចចិត្តផ្លាស់ប្តូរទីតាំងដោយយកព្រឹត្តិការណ៍នេះមករៀបចំនៅខាងក្នុងសាលវិញ ព្រោះមានការព្យាករណ៍ថាភ្លៀងនឹងបន្តធ្លាក់មកទៀតក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ។
បើតាមពិធីជាប្រពៃណីមក ភ្លើងគប់ត្រូវបានបញ្ឆេះដោយកាំរស្មីព្រះអាទិត្យ និងកញ្ចក់សារធាតុប៉ារ៉ាបូល ដែលគេរៀបចំធ្វើឡើងនៅទីតាំងបុរាណមួយក្នុងចំណោមបុរាណដ្ឋានជាច្រើនរបស់ក្រិច ប្រព្រឹត្តិទៅយ៉ាងឧឡារិកអធិកអធម ដោយមានតួអង្គសម្តែងជាបូជាចារ្យ សម្បូងសង្រូងដល់ទេវៈ ដូចជាព្រះអាទិត្យ Apollo សុំព្រះរាជទាននូវជំនួយក្នុងការអុជបំភ្លឺគប់នោះ ។
ឆ្នាំនេះ ទស្សនិកជនមានចំនួនតិចតួចប៉ុណ្ណោះមកចូលរួមទស្សនាការហាត់សម ទាំងការដើរ រាំ និងការស្លៀកពាក់ដោយមើលតាមរយៈអេក្រង់ធំមួយក្នុងសារៈមន្ទីរ ហើយសកម្មភាពផ្នែកខ្លះក៏បានថតនៅខាងក្រៅដែរកាលពីថ្ងៃចន្ទកន្លងមក – ប៉ន្តែការហាត់សមអុជភ្លើងគប់ត្រូវយកមកធ្វើនៅក្នុងសារមន្ទីរ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW472725112025RP1%3A4