Real Madrid, Bayern Munich និង Inter Milan គ្រោងរៀបចំការប្រកួតមិត្តភាព សម្រាប់អ្នកគាំទ្រ និងក្រុមគ្រូពេទ្យ

អន្តរជាតិ៖ ប្រភពពីសារពត៌មាន Sky Sport ឱ្យដឹងថា ក្លិប Real Madrid, Bayern Munich និង Inter Milan មានគម្រោងរៀបចំការប្រកួតពានរង្វាន់ សាមគ្គីភាព អឺរុប European Solidarity Cup នៅពេលដែលតំបន់អឺរុបមានសុវត្ថិភាព ដើម្បីឱ្យអ្នកគាំទ្រ អាចត្រលប់មកទស្សនាការប្រកួតក្នុងកីឡដ្ឋានវិញបាន។
ក្លិបទាំង ៣ គ្រោងនឹងរៀបចំការប្រកួតសប្បុរសធម៌នេះ នៅឆ្នាំ ២០២១ ដោយការប្រកួតរវាង Real Madrid និង Inter Milan នឹងធ្វើឡើងនៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្បាញ។ រីឯ ជំនួប Inter Milan និង Bayern Munichនឹងធ្វើក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ហើយជំនួបរវាង Bayern Munich និង Real Madrid នឹងធ្វើក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ ចំពោះ កាលបរិច្ឆេទវិញ គឺអាស្រ័យលើស្ថានការជាក់ស្តែង។
នៅក្នុងការប្រកួតនេះ ក្រុមនីមួយៗ នឹងអញ្ជើញបុគ្គលិកសុខាភិបាល ទាំងគិលានុបដ្ឋាន ទាំងវេជ្ជបណ្ឌិត និងអ្នកជំនាញសុខាភិបាលផ្សេងទៀត ឱ្យចូលរួមទស្សនាដោយសេរី។
សូមបញ្ជាក់ថា គំនិតនៃការបង្កើតការប្រកួតពានរង្វាន់សប្បុរសធម៌ សាមគ្គីភាពអឺរុបនេះ គឺដើម្បីជាការអរគុណដល់ក្រុមសុខាភិបាល ដែលខំយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ ១៩ នាតំបន់អឺរុប៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.