ភ្នាក់ងាររបស់ Neymar ថា កីឡាករ នឹងមិនចាកចេញពីក្លិប Paris st Germain ឡើយ

បារាំង៖ សារពត៌មាន The Sun បានស្រង់សម្តីភ្នាក់ងាររបស់ខ្សែប្រយុទ្ធ ថា កីឡាករ នឹងមិនចាកចេញពីក្លិប Paris Saint-Germain ឡើយ ដោយសារវិបត្តិកូរ៉ូណា បានធ្វើឱ្យប៉ះពាល់ហិរញ្ញវត្ថុក្នុងវិស័យបាល់ទាត់។
Neymar ជនជាតិប្រេស៊ីល បានផ្ទេរចេញពីក្លិបអេស្ប៉ាញ Barcelona មកកាន់ ក្លិបបារាំង Paris Saint-Germain កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោក ១៩៨លានផោន។ នៅទីនេះ គេរកបាន ៦៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៨០ប្រកួត និងឈ្នះពាន Ligue 1 ៣រដូវកាលជាប់គ្នា។
ប៉ុន្តែថ្មីៗនេះ មានដំណឹងថា ក្លិប Barcelona ចង់នាំយកកីឡាករវ័យ ២៩ឆ្នាំរូបនេះ ទៅកាន់ ទឹកដី Camp Nou វិញ ជាទីដែលគេធ្លាប់ចាប់ដៃគូប្រយុទ្ធជាមួយ Lionel Messi និង Luis Suarez។
ទាក់ទិនរឿងនេះ ភ្នាក់ងាររបស់ Neymar យល់ឃើញថា កីឡាករខ្លួន នឹងមិនចេញទៅណាទេ ព្រោះតែទីផ្សារបាល់ទាត់បច្ចុប្បន្នកំពុងពិបាក។
Neymar បានចំណាយពេល ៤ឆ្នាំនៅ Barcelona រកបានដល់ ១០៥គ្រាប់ឯណោះ សម្រាប់ការលេង១៨៦ប្រកួត។ ក្នុងនោះដែរ គេបានជួយក្រុមអ្នកមានបុណ្យ ឈ្នះពាន La Liga ២ដង Copa del Reys ៣ដង និង 2015 Champions League៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.