×

Cristiano Ronaldo ថា ខ្លួនសប្បាយចិត្តបំផុតក្រោយលេងបាន២០០ប្រកួត សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់

ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ទី១ដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិបានសរុបចំនួន២០០ប្រកួត ក្នុងអំឡុងការប្រកួតវគ្គជម្រុះពានរង្វាន់ UEFA Euro 2024 ស្របពេលកីឡាករវ័យ៣៨ឆ្នាំមានឱ្យកាសរកបានគ្រាប់បាល់ជ័យជម្នះយ៉ាងប្រផិតប្រផើយរបស់ក្រុមព័រទុយហ្គាល់ទៅលើក្រុមអ៊ីស្លង់ក្នុងលទ្ធផល១ ទល់នឹង ០។

គ្រាប់បាល់ជ័យជម្នះតែ១គ្រាប់របស់ Ronaldo នោះបានកើតឡើងនៅនាទីទី ៨៩ ក្នុងការប្រកួតនាកីឡដ្ឋាន Laugardalsvöllur នាទីក្រុង Reykjavík ប្រទេសអ៊ីស្លង់។ វាជាគ្រាប់បាល់អន្តរជាតិលើកទី ១២៣ របស់ Ronaldo សម្រាប់ព័រទុយហ្គាល់។ ជាមួយគ្នានេះផងដែរ Ronaldo ក៏ត្រូវបានផ្តល់វិញ្ញាប័ណ្ណប័ត្រដោយសៀវភៅកំណត់ត្រាពិភពលោក Guinness World Records មុនពេលចាប់ផ្តើមការប្រកួតនោះផងដែរ។

ក្រោយចប់ការប្រកួតម្ចាស់ពាន Ballon D’or ៥សម័យបានលើកឡើងយ៉ាងដូច្នេះថា៖ ”សម្រាប់ខ្ញុំ វាជាសមិទ្ធផលមិនគួរឱ្យជឿ វាអស្ចារ្យណាស់។ ហើយជាការពិត ដើម្បីរកគ្រាប់បាល់ឈ្នះ វាកាន់តែពិសេស។ យើងលេងមិនបានល្អទេ ប៉ុន្តែពេលខ្លះបាល់ទាត់គឺបែបនោះ។ យើងស៊ុតបានមួយគ្រាប់ ហើយតាមគំនិតរបស់ខ្ញុំ យើងសមនឹងទទួលបានវា។ ខ្ញុំសប្បាយចិត្តណាស់ដោយខ្ញុំអាចរកបាន ២០០គ្រាប់។”

Cristiano Ronaldo បានបង្ហាញខ្លួន២ទសវត្សឱ្យជម្រើសជាតិព័រទុយហ្គាល់ ក្រោយបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ ២០០៣ស្របពេល អតីតខ្សែប្រយុទ្ធ Man. UTD, Real Madrid និង Juventus រកបានគ្រាប់បាល់ទីប្រាំក្នុងការប្រកួតជម្រុះ UEFA Euro 2024 បានជួយឱ្យព័រទុយហ្គាល់ឈ្នះបួនដងពីការប្រកួតចំនួនបួនលើក។

បច្ចុប្បន្ន ព័រទុយហ្គាល់ កំពុងឈរកំពូលតារាងពូល J មាន១២ពិន្ទុ ក្រោយឆ្លងកាត់៤ប្រកួត ខណៈ អ៊ីស្លង់នៅលេខ៥ មាន៣ពិន្ទុ ក្រោយឆ្លងកាត់៤ប្រកួតដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង