×

ក្លិប Inter Miami ត្រៀមតែងតាំងអតីតគ្រូបង្វឹក Barcelona លោក Gerardo Martino មកជាគ្រូបង្វឹកថ្មីរបស់ខ្លួន

ក្លិប Inter Miami ដែលជាក្លិបថ្មីរបស់ខ្សែប្រយុទ្ធ Lionel Messi បានយល់ព្រមចុះកិច្ចសន្យានាំយកអតីតគ្រូបង្វឹក Barcelona លោក Gerardo Martino ធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួន។ លោក Martino នឹងជំនួសតំណែងលោក Phil Neville អតីតកីឡាករ Manchester United ដែលទើបត្រូវបានបញ្ចប់តំណែងកាលពីដើមខែមិថុនានេះ។

ក្លិប Inter Miami ត្រូវការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង ដើម្បីស្វែងរកទម្រង់លេងល្អប្រសើរឡើងវិញ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុត។ រដូវកាល ២០២២-២៣ Inter Miami ឆ្លងកាត់ការប្រកួតចំនួន ១៧លើកពួកគេឈ្នះតែ ៥លើកតែប៉ុណ្ណោះ ឈរនៅបាតតារាងលីគកំពូលអាមេរិក Major League Soccer ។

លោក Gerard Martino សញ្ជាតិអាហ្សង់ទីន នឹងត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមដែល Messi ទើបនឹងផ្លាស់ទៅលេងក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោក Gerard Martino មានបទពិសោធដឹកនាំក្លិបធំៗជាច្រើន ហើយលោកក៏បានដឹកនាំក្រុមជម្រើសជាតិចំនួន២គឺក្រុមជម្រើសជាតិប៉ារ៉ាហ្កាយ និង អាហ្សង់ទីនផងដែរ។

សូមបញ្ជាក់ថា Lionel Messi បានចុះកិច្ចសន្យាទៅលេងឱ្យក្លិបស្ថិតនៅក្នុងលីគ MLS ហើយត្រូវបានរំពឹងថានឹងបង្ហាញខ្លួនលើកដំបូងនៅក្នុងខែសីហា នៅពេលដែលរដូវកាលចាប់បន្ត បន្ទាប់ពីឈប់សម្រាកពាក់កណ្តាលរដូវកាល។

Messi ធ្លាប់ធ្វើជាកូនក្រុមរបស់លោក Martino ឬរហ្សសនាម Tata កាលនៅ Barcelona ហើយរូបគេរកបានគ្រាប់បាល់ចំនួន ៤១គ្រាប់ ពីការបង្ហាញខ្លួន ៤៦ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង