×

Newcastleពិភាក្សាលើការផ្ទេរអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់Leicesterកាលពីរដូវកាលមុន

Newcastle United ត្រូវបានគេរាយការណ៍ថាបានធ្វើការពិភាក្សាសាជាថ្មីជាមួយ Leicester City ជុំវិញការផ្ទេរ Harvey Barnes ហើយមានសង្ឃឹមថាកិច្ចព្រមព្រៀងតម្លៃ ៣៥ លានផោនអាចត្រូវបានយល់ព្រមក្នុងសប្តាហ៍នេះ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានក្លាយទៅជាគោលដៅចម្បងមួយរបស់ក្រុមសារិកាព្រៃ បន្ទាប់ពីពួកគេបានបញ្ចប់ការផ្ទេរ Sandro Tonali ក្នុងតម្លៃ ៥២ លានផោនពីក្រុម AC Milan ។

Leicester បាននិយាយថាពួកគេបានអនុញ្ញាតឱ្យខ្សែបម្រើស្លាប Barnes សម្រាក ក្នុងការប្រកួតមិត្តភាពរបស់ពួកគេជាមួយនឹងក្រុម Peterborough United ។ ប្រភពពី Newcastle World បានរាយការណ៍ថា Barnes ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់កីឡដ្ឋាន St James’ Park ជាមួយនោះលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រម។

West Ham, Aston Villa និង Tottenham Hotspur ក៏បានបង្ហាញចំណាប់អារម្មណ៍លើ Barnes ប៉ុន្តែសាមីកីឡាករ មានបំណងផ្លាស់ទៅក្រុមដែលប្រកួតប្រជែងនៅក្របខណ្ឌ Champions League នារដូវកាលក្រោយ។

គួរបញ្ជាក់ថា ក្រុមសារិកាព្រៃ Newcastle បានពិភាក្សាលើការចុះហត្ថលេខានេះ កាលពី ១២ខែមុន ប៉ុន្តែមិនអាចផ្ដល់តម្លៃ ៥០ លានផោនដែល Leicester ចង់បានឡើយ។

Barnes អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមកញ្ជ្រោងខៀវ ដោយរកបាន ១៣ គ្រាប់កាលពីរដូវកាលមុន។ នៅក្នុងការបង្ហាញខ្លួនសរុបចំនួន ១៤៦ ប្រកួតក្នុងក្របខណ្ឌ Premier League អតីតកីឡាករខ្ចីជើងរបស់ West Bromរូបនេះ ស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ និងបញ្ជូនបាល់សម្រេចទី ២៥ដងសម្រាប់មិត្តរួមក្រុម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង