ក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា មានជំនឿចិត្ត និងសុខភាពល្អធម្មតាបន្ទាប់ពីចាកវ៉ាក់សាំង

យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ទោះបីមានក្រុមមនុស្សមួយចំនួនបរិយាយមិនល្អពីការចាក់វ៉ាក់សាំងការពារកូវីដ-១៩ក៏ដោយ ក៏ក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងពីរលើក កាលពីដើមខែ និងពាក់កណ្តាលខែមីនា ឆ្នាំ២០២១បានបញ្ជាក់អះអាងពីការពិតនៃសុខភាពរបស់ខ្លួនម្នាក់ៗ ដោយក្រោយការចាក់វ៉ាក់សាំងនេះមិនមានផលប៉ះពាល់ដល់សុខភាព និងមិនធ្វើឱ្យរងផលប៉ះពាល់ដល់ ការហ្វឹកហាត់ត្រៀមការប្រកួតនានានោះទេ ផ្ទុយទៅវិញ វាបានផ្តល់ជំនឿចិត្តកាន់តែខ្ពស់ និងបន្តការចូលរួមអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនព្រមជាមួយគ្នាផងដែរ។

ជាមួយនឹងការបញ្ចប់នូវការចាក់វ៉ាក់សាំងទាំង២លើករួចហើយនោះកីឡាករ-កីឡាការិនី ល្បីៗរបស់កម្ពុជា បានបង្ហាញនូវអារម្មណ៍របស់ខ្លួនថាពិតជាមានអារម្មណ៍ស្ងប់ក្នុងការហ្វឹកហាត់។កីឡាករជម្រើសជាតិប៉េតង់ សុខ ចាន់មាន ម្ចាស់មេដាយមាសជើងឯកពិភពលោក ២០១៦ បានបញ្ជាក់ពីការចាក់វ៉ាក់សាំងនេះថា « សម្រាប់ខ្ញុំ អត់អីផង សុខភាពខ្ញុំធម្មតាទេ។ វាមិនប៉ះពាល់ដល់សុខភាពទេ ហើយក៏មិនប៉ះពាល់ដល់ការហ្វឹកហាត់របស់ខ្ញុំដែរ។ ជាកីឡាករជម្រើសជាតិមកពីក្រសួងការពារជាតិនោះ ចាន់មាន និយាយថាខ្ញុំចាក់វ៉ាក់សាំងខាងក្នុងក្របខ័ណ្ឌយោធាចំនួន២លើក រួចមកហើយដែរ ដែលបច្ចុប្បន្នបានធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្តខ្ពស់ហើយខ្ញុំជឿជាក់ថាក្រោយការចាក់វ៉ាក់សាំងនឹងជួយធ្វើឲ្យមានមានសុវត្ថិភាព កាន់តែខ្ពស់ ប៉ុន្តែយើងនៅតែបន្តអនុវត្តវិធានការ សុខាភិបាលខ្ជាប់ខ្ជួនដដែល។ ប្រសិនបើអត់បានចាក់វ៉ាក់សាំង គឺយើងនឹងមានអត្រាការឆ្លងជំងឺ កូវីដ-១៩ខ្ពស់ និងគ្រោះថ្នាក់ខ្លាំងណាស់។

កីឡាកររូបនេះបន្តថា រូបគេសុំថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាននៃ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានយកចិត្តទុកដាក់ផ្តល់ការចាក់វ៉ាក់សាំងដល់ក្រុមជម្រើសជាតិកម្ពុជា »។

កីឡាការិនីប៉េតង់ វ័យក្មេង ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយមាស (ក្រុម) ស៊ីហ្គេម២០១៩ ក៏អះអាងដែរថា រូបនាងបានចាក់រួចរាល់ (លើកទី២) កាលពីថ្ងៃទី ២៣ ខែមីនា ដោយកាលពីចាក់លើកទី១ និងលើកទី២ គ្មានប៉ះពាល់អ្វីដល់សុខភាពនោះទេ គ្រាន់តែថ្ងៃទី១ និងថ្ងៃទី២ ឈឺក្បាលនិងក្តៅខ្លួនបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីថ្ងៃនោះមកសុខភាពរបស់នាងល្អធម្មតា។ បច្ចុប្បន្នក្រុមកីឡាការិនី រូបនេះនៅមិនទាន់ប្រមូលផ្តុំហ្វឹកហាត់នៅឡើយទេ ដោយសម្រាកនៅផ្ទះ និងចូលរួមការពារតាមវិធានការសុខាភិបាល »។

ចំពោះ កីឡាករជម្រើសជាតិតេក្វាន់ដូ ITF(International Taekwondo Federation) ប៉ាល់ ជីវ័ន្ត ម្ចាស់មេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៩ ក៏បាននិយាយថា « ខ្ញុំទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ លើកទី២ រួចរាល់យូរដែរហើយ តាំងពីថ្ងៃទី១៧ មីនា មកដោយសុខភាពខ្ញុំរាល់ថ្ងៃគឺធម្មតា។ ក្រោយការចាក់វ៉ាក់សាំងទាំងពីរលើករួចមក មិនប៉ះពាល់ដល់សុខភាពខ្ញុំទេ ហើយអាចហ្វឹកហាត់បានធម្មតា ក្រោយពីការចាក់បាន ៣ថ្ងៃ។ ខ្ញុំមានទំនុកចិត្តកាន់តែខ្ពស់ប៉ុន្តែខ្ញុំនៅតែបន្ត ការអនុវត្តវិធានការ ៣កុំ ៣ការពារដដែល។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់កីឡាករ កីឡាការិនី និងប្រជាជន ទូទាំងប្រទេស។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំស្ថាប័នកីឡាទាំងអស់ »។

កីឡាករជម្រើសជាតិកាយសម្ព័ន្ធ ង៉ែត តុលា បានលើកឡើងថា រូបគេពិតជាសប្បាយរីករាយ ជាខ្លាំង ដែលទទួលបានការចាក់វ៉ាក់សាំងរួចលើកទី១ កាលពីថ្ងៃទី២ ខែមីនា និងលើកទី ២ កាលពី ថ្ងៃទី១៦ ខែមីនា។ ក្រោយការចាក់តាំងពីដើមខែមីនារហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ គឺសុខភាពនៅល្អ និងហ្វឹកហាត់ជាប់ជាប្រចាំមិនមានអ្វីកើតឡើងជាបញ្ហានោះទេ។ គាត់ពិតជាមានសេចក្តីត្រេកអរជាខ្លាំងដែល សម្តេចតេជោ ហ៊ុន សែន បានផ្តល់ ការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីកីឡា កីឡាករ កីឡាការិនី ទាំងអស់កន្លងមកនេះ។

កីឡាការិនីជម្រើសជាតិកីឡាទ្រីយ៉ាត្លុង ថន សុម៉ាវត្តី បញ្ជាក់ថា រូបគេបានចាក់វ៉ាក់សាំង លើកទី១ កាលពីថ្ងៃទី២ និងលើកទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលចាប់ពីតាំងបន្ទាប់ពីចាក់រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មិនមានបញ្ហាប្រតិកម្មអ្វីទាំងអស់។

ក្រោយការចាក់ទាំងពីរលើក រយៈពេល៤-៥ថ្ងៃ គឺគាត់បានបន្តការហ្វឹកហាត់ជាប់ជាប្រចាំ នៅផ្ទះឡើងវិញ ហើយសុខភាពរបស់គាត់ល្អមាំមួនធម្មតា។ គាត់បានគោរពថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ក្រុមកីឡាករ កីឡាការិនី កម្ពុជា។ ក្នុងនាមជា កីឡាការិនីជម្រើសជាតិ គាត់សូមឱ្យបងប្អូនចូលរួមគោរពវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា៕

 

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.