បើទោះបីជាមានវិបត្តិជំងឺ កូវីដ-១៩ ក៏ដោយ ប្រដាល់សកលកម្ពុជា រំពឹងទទួលបានលទ្ធផលល្អពីស៊ីហ្គេម ២០២១

យោងតាមការផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ប្រដាល់សកលកម្ពុជាបានខិតខំយ៉ាងមុតមាំ បើទោះបីជាមានវិបត្តិជំងឺ កូវីដ-១៩ ក៏ដោយ ក៏នៅតែ ធ្វើការហ្វឹកហាត់ ដ៏ដែល។ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានព្យាយាមអស់ពីលទ្ធភាព ដើម្បីបន្តគោលដៅ ពង្រឹងគុណភាពបច្ចេកទេស របស់ កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនឲ្យបានល្អ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងយក មេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ខាងមុខដែលប្រព្រឹតទៅនៅចុងខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ សហព័ន្ធ ក៏មានសង្ឃឹមថា តាមរយៈការខិតខំ អស់ពីលទ្ធភាពនេះប្រភេទ កីឡាប្រដាល់សកលកម្ពុជា នឹងទទួលបានលទ្ធផលល្អ ជូនជាតិ មិនខានឡើយ។ បើយោងតាមសេចក្តីរាយការណ៍របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ នៃ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានផ្ញើតាមសាអេឡិចត្រូនិច កាលពីព្រឹកថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២១។

លោកអគ្គលេខាធិការ ក៏បានបន្ថែមទៀតថា យោងតាមផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធប្រដាល់សកល សម្រាប់ឆ្នាំ ២០២១ នេះ សហព័ន្ធ បានពង្រឹងលើ ការហ្វឹកហាត់បច្ចេកទេស ជាបណ្តើរៗ ដើម្បីត្រៀមការប្រកួតអន្តរជាតិនានានៅក្នុងឆ្នាំនេះ ក៏ដូចជាឆ្ពោះទៅ ការប្រជែងយក មេដាយ ស៊ីហ្គេម លើកទី៣១ នៅ ប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការ ពីថ្ងៃទី ២១ ខែ វិច្ឆិកា ដល់ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១។

សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា មានចំនួន ១៣នាក់ ក្នុងនោះមានកីឡាការិនី ២នាក់ និង គ្រូបង្វឹក ៤នាក់ ក្នុងនោះ គ្រូបង្វឹកជាជនជាតិខ្មែរម្នាក់ គុយបា ២នាក់ និង ជនជាតិអង់គ្លេស ម្នាក់។ ក្នុងចំណោម១៣នាក់ គឺមាន១២នាក់ ហ្វឹកហាត់នៅក្នុងស្រុក និងកីឡាករ ម្នាក់ដែរជាកូនកាត់ ខ្មែរ-អាមេរិក កំពុងហ្វឹកហាត់នៅ ប្រទេសវៀតណាម។

លោក ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា សម្រាប់ គ្រូបង្វឹកបរទេស ៣នាក់ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងគ្រូខ្មែរ ដោយពួកគាត់មានបទពិសោធន៍បង្វឹក សញ្ញាបត្រ ពីប្រទេស របស់ពួកគាត់ ព្រមទាំងមានសញ្ញាបត្របញ្ជាក់ពី សហព័ន្ធកីឡាប្រដាល់សកល អន្តរជាតិ ផងដែរ។ ចំពោះការរៀបចំកម្មវិធីបង្ហាត់របស់ គ្រូបរទេសទាំងនោះ មានលក្ខណៈប្លែក ពីកម្មវិធីហ្វឹកហាត់ របស់ គ្រូបង្វឹកខ្មែរយើងកន្លងមក ដោយហ្វឹកហាត់តែពេលព្រឹកទេ និងចែកចេញជាពីរវេន គឺពីម៉ោង ៦ ដល់ម៉ោង ៧ និង៣០នាទីព្រឹក និងវេនទី២ ហ្វឹកហាត់វេលាម៉ោង១០ ចំណែកឯពេលរសៀល គឺគ្រូទុកពេលឲ្យ កីឡាករ កីឡាការិនី សម្រាក ដើម្បីស្តារឲ្យបាននូវថាមពលកម្លាំងឡើងវិញ។ សម្រាប់ផែនការវិន័យ ក្នុងការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិប្រដាល់សកល គឺត្រូវតែគោរពឲ្យបានការហ្វឹកហាត់ មិនអនុញ្ញាតឲ្យដើរសេរីទេ ដើម្បីបង្ការការរីករាលដាលនៃជំងឺ កូវីដ-១៩។

ប្រសិនបើអ្នកណាម្នាក់មិនគោរពនូវវិន័យនោះទេ គឺ សហព័ន្ធ នឹងមានវិធានការណែនាំ ហើយបើនៅតែមិនអនុវត្តតាម ត្រូវតែឲ្យសម្រាកនៅផ្ទះមួយរយៈ ហើយប្រសិនបើនៅតែរឹងទទឹងទៀត គឺអាចប្រឈមនឹង វិធានការក្តៅដូចជា ការព្យួរ ឬដកចេញពីក្រុមជម្រើសជាតិតែម្តង។

ចំពោះផែនការហ្វឹកហាត់នៅក្រៅប្រទេសវិញ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានៅតែរក្សាដដែល ដោយបន្តព្យាយាម គៀរគរ រកថវិកាគំាទ្រនានា ជាពិសេស គឺតាមរយៈគោលការណ៍របស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ ( CAMSOC) ក្នុងការផ្តល់ថវិកាគាំទ្រ សម្រាប់ប្រភេទកីឡា សក្តានុពល ចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ដែល កីឡាប្រដាល់សកល ក៏ជាប្រភេទកីឡាសក្តានុពល ផ្សេងៗទៀត ក្នុងការប្រជែងយក មេដាយ ស៊ីហ្គេម ដែរ។

យើងក៏បានទាក់ទង ទៅនឹង សមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ក្នុងការស្នើសុំបញ្ជូន កីឡាករ កីឡាការិនី ជម្រើសជាតិរបស់យើង ទៅហាត់នៅក្រៅប្រទស ដែលយើងគិតថា ប្រទេសណាមួយនោះ ដែលស័ក្តិសម នឹងការបោះជំរុំ ហ្វឹកហាត់ ដែលជាគោលដៅ គឺប្រទេសដែលនៅតំបន់អឺរ៉ុប។ ចំពោះចំនួនប៉ុន្មាននាក់ ឬការកំណត់មុខសញ្ញា ថាតើកីឡាករ ឬ កីឡាការិនី ណាខ្លះនឹងត្រូវជ្រើសរើសនៅឡើយទេ ដែលត្រូវការពេលវេលាសិក្សាសិន ហើយ កីឡាករ កីឡាការិនី ទាំងនោះត្រូវតែជាអ្នកដែលមាន សក្តានុពល ខ្ពស់ជាងគេ ក្នុងចំណោមក្រុមជម្រើសជាតិទាំងមូល ហើយនេះក៏ជាការ គូសបញ្ជាក់ចុងក្រោយរបស់ លោក ប៊ុយ សុភ័ណ្ឌ៕

ប្រភពអត្ថបទ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.