UEFA គ្រោងអនុញ្ញាតឱ្យអ្នកគាំទ្រចំនួនចន្លោះ ១០.០០០ នាក់ ទៅ ២០.០០០ នាក់ ចូលរួមទស្សនាដោយផ្ទាល់នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ២០២០-២០២១

អឺរ៉ុប៖ កាលពីមុននោះ UEFA បានជូនដំណឹងដល់អ្នកឈ្នះវគ្គ៨ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ថាពួកគេគ្រោងនឹងមានអ្នកគាំទ្រយ៉ាងហោចណាស់ ៩.០០០ នាក់ ដើម្បីចូលរួមសម្រាប់ការប្រកួតចុងក្រោយ Champions League ២០២០-២០២១ ក្នុងខែឧសភា។

ការប្រកួតជម្រុះមួយពូលៗដាច់ពីគ្នាក្នុងការប្រកួតក្របខណ្ឌ Champions League ត្រូវបានបិទទ្វារលេងទាំងស្រុង ចាប់តាំងពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលបានបញ្ឈប់ការមកទស្សនាការប្រកួតបាល់ទាត់របស់អ្នកគាំទ្រ នៅខែមីនា ឆ្នាំ២០២០។

គួររម្លឹកផងដែរថា ពហុកីឡាដ្ឋានអូឡាំពិក Ataturk នៃទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានគេសន្មតថា នឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៩/២០ ប៉ុន្តែដោយសារកូវីដ១៩ ការប្រកួតត្រូវបានលេងនៅក្នុងកីឡដ្ឋាន Estadio da Luz នៅ Lisbon ទៅវិញ។

ពហុកីឡដ្ឋានអូឡាំពិក Ataturk នឹងគ្រោងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍រដូវកាលនេះម្ដងទៀតហើយ (ទោះបីជាការប្រកួតឆ្នាំ ២០២០/២១ ត្រូវបានរំខានដោយជំងឺរាតត្បាតក៏ដោយ) ក្នុងនោះមានការប្រកួតមួយចំនួនត្រូវបង្ខំចិត្តលេងនៅកន្លែងអព្យាក្រឹត (neutral venues ) ដោយសារតែមានការរឹតត្បិតការធ្វើដំណើរ។ តែយ៉ាងណាក្រោយមក មន្ត្រីមកពី UEFA និងអង់គ្លេសបានជួបគ្នាកាលពីថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរការប្រកួតរវាង Manchester City និង Chelsea ពី ទីក្រុងអ៊ីស្តង់ប៊ុល ទៅកីឡដ្ឋាន Wembley វិញ។ ទីក្រុង Porto របស់ប្រទេសព័រទុយហ្គាល់ គឺជាជម្រើសមួយផ្សេងទៀត។

UEFA ក៏កំពុងស្វែងរកការធានាអំពីអ្នកទស្សនាផងដែរ។ អ្នកគាំទ្រ អាចចាប់ផ្តើមចូលរួមប្រកួតបាល់ទាត់នៅអង់គ្លេសនៅចុងខែនេះ ប៉ុន្តែតួលេខនេះ ត្រូវបានកំណត់ត្រឹម ១០.០០០ នាក់ ដែលចំនួននេះ គឺទាបជាងអ្នកគាំទ្រ ២៥.០០០ នាក់ដែលអ៊ីស្តង់ប៊ុល បាននិយាយថា ខាងកីឡដ្ឋានអាចផ្ទុកអ្នកគាំទ្របាន។

រដ្ឋាភិបាលអង់គ្លេស បន្ធូរបន្ថយការរឹតបន្ដឹងនោះដោយនិយាយថា ខ្លួននឹងអនុញ្ញាតអ្នកគាំទ្រ ២០.០០០ នាក់អាចចូលរួមក្នុងកម្មវិធី F.A. នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA CUP នៅថ្ងៃទី១៥ ខែឧសភានៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍។ UEFA នឹងទាមទារចំនួនកៅអីស្រដៀងគ្នានេះដែរ។

UEFA គ្រោងនឹងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ១៩ នៅនឹងកន្លែងប្រកួតតែម្ដង និងការផ្សព្វផ្សាយសំបុត្រដោយការចេញសំបុត្រពិសេសដែលមិនអាចផ្ទេរបាន (non-transferable smart tickets) ទៅអ្នកគាំទ្រតាមរយៈទូរស័ព្ទចល័ត៕

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.