×

Manchester City នឹងដាក់បង្ហាញរូបសំណាករបស់ Sergio Aguero

ក្លិប Manchester City នឹងបង្ហាញរូបសំណាករបស់វីរបុរសក្លិប Sergio Aguero ក្នុងខួប ១០ឆ្នាំនៃការស៊ុតបញ្ចូលទី ដើម្បីឱ្យក្រុមរបស់គាត់ លើកពានរង្វាន់ក្របខណ្ឌ Premier League ។

កីឡាករអាហ្សង់ទីនរូបនេះ បានស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែម ពេលប្រកួតជាមួយ QPR ជួយឱ្យក្រុមមេឃខៀវ ទទួលបានជោគជ័យក្នុងក្របខណ្ឌ Premier League ក្នុងឆ្នាំ២០១២។គ្រាប់បាល់របស់ Aguero នៅនាទីទី៤ នៃម៉ោងបន្ថែមនៅក្នុងការប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League រដូវកាល ២០១១-១២ បានក្លាយជាគ្រាប់បាល់ជួយឱ្យ Man City ឈ្នះពានរង្វាន់លីគកំពូលជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៦៨។

រូបសំណាករបស់ Aguero នឹងត្រូវបានធ្វើពិធីសម្ពោធនៅ កីឡដ្ឋាន Etihad នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ អ្នកគាំទ្រពីរពាន់នាក់របស់ក្លិប ក៏នឹងត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងព្រឹត្តិការណ៍ ដើម្បីបានឃើញសមាជិកនៃក្រុមដែលឈ្នះពាន រួមទាំង Aguero ផងដែរ។ រូបសំណាករបស់ Aguero ដែលត្រូវបានឆ្លាក់ដោយជាងចម្លាក់ Andy Scott នឹងឈរក្បែររូបសំណាករបស់ Vincent Kompany និង David Silva នៅកីឡដ្ឋាន Etihad។

Aguero ដែលបានចាកចេញពី Man City ក្នុងខែមិថុនា ឆ្នាំ២០២១ ស៊ុតបាន ២៦០គ្រាប់ និងឈ្នះពានរង្វាន់ Premier League ៥ដង FA Cup ១ដង និង League Cup ៦ដង ក្នុងរយៈពេល ១០ឆ្នាំ។ គាត់បានចូលនិវត្តន៍ដោយសារសុខភាព។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ នៅតែជាកីឡាករក្រៅស្រុកនៅអង់គ្លេស ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ Premier League ដោយស៊ុតបញ្ចូលទីបាន ១៨៤គ្រាប់ច្រើនជាងកីឡាករបារាំង Thierry Henry របស់ Arsenal ចំនួន ៩គ្រាប់។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង