×

CBS គុនខ្មែរ៖ យប់នេះ ផល ស៊ីឡុង ត្រៀមស្ដារមុខមាត់ជូនក្រុមវិញ ក្រោយសន្លប់កាលពីប្រកួតជុំទី១

កូនក្រុមរបស់លោក ឈុត ឈុនលី ពោលគឺកីឡាករ ផល ស៊ីឡុង មកពីក្រុមខ្យាដំរីឧត្តរ ត្រៀមស្ដារមុខមាត់របស់ខ្លួនឡើងវិញ នៅពេលខ្លួនត្រូវប៉ះជាមួយកីឡាករ ម៉ន វណ្ណី មកពីក្រុមកញ្ជ្រោងបូព៌ា ដែលទទួលបានជ័យជម្នះលើគូប្រកួត កាលពីជុំទី១។

ផល ស៊ីឡុង បានសន្លប់មួយសន្ទុះនៅទឹក២ ការប្រកួតជុំទី១ ពេលត្រូវកែងរបស់ សូដា សូសែន ត្រូវបានអាប៊ីតសម្រេចបញ្ឈប់ការប្រកួតផ្ដល់ជ័យជម្នះជូនកីឡាករមកពីក្រុមឥន្ទ្រីអាគ្នេយ៍។ យ៉ាងណាក៏ដោយ លោកគ្រូ ឈុត ឈុនលី នឹងមានដំបូន្មានសម្រាប់ ស៊ីឡុង ដើម្បីកែតម្រូវសម្រាប់ការប្រកួតជុំទីពីរ នៅយប់ថ្ងៃសុក្រនេះ។

សូមជម្រាបថា ម៉ន វណ្ណី បានយកឈ្នះលើ អេលីត ផានិត នៃក្រុមខ្លាធំពាយ័ព្យ កាលពីជុំទី១។

ផល ស៊ីឡុង ប៉ះជាមួយ ម៉ន វណ្ណី គឺជាប្រកួតទីមួយ សម្រាប់ប្រភេទទម្ងន់ ៥៤គីឡូក្រាម នៃសង្វៀន CBS គុនខ្មែរ នៅរាត្រីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ។

ដោយឡែកគូទីពីរ គឺជាការជួបគ្នារវាង អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ា ជាមួយ ធន់ ស៊ីហុង នៃក្រុមខ្យាដំរីឧត្តរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ កីឡាករទាំងពីរ សុទ្ធតែទទួលបានជ័យជម្នះដូចគ្នា កាលពីជុំទី១។

អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ាដែលបង្វឹកដោយលោកគ្រូ សរ សី បានយកឈ្នះ ស៊ីន ថៃសាន់ មកពីក្រុមខ្លាធំពាយ័ព្យ ចំណែក ធន់ ស៊ីហុង មកពីក្រុមខ្យាដំរីឧត្តរ បានវាយសន្សំពិន្ទុយកឈ្នះលើ គឿម សុវណ្ណង៉ា មកពីក្រុមឥន្ទ្រីអាគ្នេយ៍ កាលពីជុំទី១។

CBS គុនខ្មែរ សប្ដាហ៍ទី៦ ជុំទី២ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ចាប់ពីម៉ោង៧យប់ដល់៩យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង