អ្នកប្រដាល់ Tyson Fury ផ្តួល Deontay Wilder គ្រងខ្សែក្រវាត់ WBC Heavyweight

ឡាស់វេហ្គាស់៖ កីឡាករអង់គ្លេស Tyson Fury បានបង្ហាញនូវការប្រកួតដ៏អស្ចារ្យមួយនៅក្នុងអាជីពប្រដាល់របស់គេ នោះគឺការវាយផ្តួលកីឡាករអាមេរិក Deontay Wilder ដើម្បីគ្រងខ្សែក្រវាត់ WBC Heavyweight។

ជាការពិត អ្នកទាំង២ ធ្លាប់ជួបគ្នាម្តងរួចមកហើយ កាលពីចុងឆ្នាំ២០១៨ ដោយកាលនោះ ពួកគេបានត្រឹមលទ្ធផលស្មើយ៉ាងចម្រូងចម្រាស ហើយដែលការស្មើគ្នានោះ គឺជាការស្មើគ្នាលើកដំបូងក្នុងអាជីពរបស់ពួកគេ។

លុះមកដល់ការប្រកួតសាជាថ្មី នាទីក្រុង Las Vegas, Tyson Fury បានគ្រប់គ្រងការប្រកួតតាំងពីទឹកទី១ ហើយចុងក្រោយ ក៏បានវាយសម្រុកយកឈ្នះ Deontay Wilder បានសម្រេចដោយបច្ចេកទេសនៅត្រឹមទឹកទី៧តែម្តង។

ការបរាជ័យខាងលើ ជាការបរាជ័យលើកដំបូង និងជាការបញ្ចប់ការគ្រងខ្សែក្រវាត់ WBC Heavyweight រយៈពេល៥ឆ្នាំរបស់ Deontay Wilder ផងដែរ បន្ទាប់ពីគេបានការពារខ្សែក្រវាត់នេះបានសម្រេច៩ដងមកហើយ ប៉ុន្តែនៅតែមិនអាចរួចផុតពីកណ្តាប់ដៃរបស់ Tyson Fury។

Tyson Fury ពេល នេះមានកំណត់ត្រាការប្រកួតគឺ ប្រកួត ៣១ដង ឈ្នះ ៣០ដង ស្មើ១ដង រីឯ Deontay Wilder ប្រកួត៤៤ដង ឈ្នះ៤២ ស្មើ១ និងចាញ់១ដង ក្នុងការប្រកួតខាងលើនេះឯង៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.