ទីលានប្រកួតវាយកូនបាល់ពានរង្វាន់ US Open ត្រូវបានប្រែក្លាយ ជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូរ៉ូណា

អាមេរិក៖ ទីលាន Billie Jean King National Tennis Center ដែលជាទីតាំង ដំណើរការការប្រកួតវាយកូនបាល់ពានរង្វាន់ US Open នោះ ត្រូវផ្លាស់ប្តូរ ក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្ន សម្រាប់ព្យាបាលអ្នកជម្ងឺកូរ៉ូណា។
ការសាង សង់កំពុងដំណើរការ ដោយផ្នែកខ្លះនៃទីលាន ដូចជា សាលហ្វឹកហាត់ ត្រូវបានជំនួសដោយគ្រែពេទ្យចំនួន ៣៥០គ្រែវិញ។ ទីលាននេះ ស្ថិតនៅ ក្បែរ មន្ទីរពេទ្យ Elmhurst នាទីក្រុង New York ជាទីតាំងដែលអ្នក ជំងឺកូរ៉ូណា ជាច្រើន រយនាក់ កំពុងសម្រាក។
ការកែប្រែទីលាន ប្រកួតកម្មវិធី US Open ខាងលើ គឺធ្វើឡើងបន្ទាប់ពីអង្គភាព វិស្វកម្មកងទ័ពសហរដ្ឋអាមេរិក បានផ្លាស់ប្តូរមជ្ឈមណ្ឌលសន្និបាត Jacob Javits នាតំបន់ Manhattan ទៅជាមន្ទីរពេទ្យមួយដែលមានគ្រែព្យាបាលចំនួន ១០០០គ្រែ។
ទីតាំងនានាដែលត្រូវផ្លាស់ប្តូរជាមន្ទីរពេទ្យបណ្តោះអាសន្ននេះ បានសម្រាលបន្ទុកយ៉ាងច្រើន ដល់មន្ទីរពេទ្យធំៗ មួយចំនួន ដែលកំពុងមានអ្នកជំងឺកូរ៉ូណាពាសពេញ។ មន្ទីរពេទ្យបណ្តោះអាសន្នទាំងនោះ អាចទទួលអ្នកជំងឺ យ៉ាងហោច ណាស់ បាន ២ម៉ឺនគ្រែ ប៉ុន្តែបញ្ហានៅតែចោទឡើង ដោយកង្វះគ្រូពេទ្យ និង គិលានុបដ្ឋយិកា។ យ៉ាងណា អាជ្ញាធរទទួលបន្ទុក ត្រៀមស្នើសុំជំនួយ ពីយោធាអាមេរិកផងដែរ។
នៅសហរដ្ឋអាមេរិក អ្នកឆ្លងវីរុសកូរ៉ូណា បានកើនឡើងដល់ប្រមាណ ១៨ម៉ឺន ៨ពាន់នាក់ និងអ្នកបាត់បង់ជីវិតប្រមាណ ៣៨០០នាក់ ដែលធ្វើឱ្យ ពួកគេ ជាប្រទេសទី១លើលោក រងគ្រោះធ្ងន់ធ្ងរជាងគេ ពីវីរុសនេះ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.