×

Bernardo Silva ថាមាន Ronaldo ប្រៀបដូចមានអាវុធដ៏មានឥទ្ធិពលមួយសម្រាប់ព័រទុយហ្គាល់

កាលពីថ្ងៃទី 20 ខែសីហា ឆ្នាំ 2003 កីឡាករ Cristiano Ronaldo បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់។ ក្នុងការប្រកួតមិត្តភាពជាមួយកាហ្សាក់ស្ថាននោះ មានកីឡាករដូចជា Luis Figo, Rui Costa និង Deco ដែលក្លាយជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសរបស់ពួកគេ។

ជិត 20 ឆ្នាំបានកន្លងផុតទៅចាប់តាំងពីពេលនោះ Ronaldo នៅតែជាតារាឆ្នើមរបស់ក្រុម។ ពិភពលោក នឹងសម្លឹងមើលប្រធានក្រុមព័រទុយហ្គាល់ នៅពេលដែលពួកគេប្រកួតបើកឆាក FIFA World Cup Qatar 2022 ទល់នឹង ហ្គាណា។

Ronaldo បានស៊ុតបញ្ចូលទី 117 គ្រាប់សម្រាប់ព័រទុយហ្គាល់ ប៉ុន្តែគាត់មិនអាចរកគ្រាប់បាល់បានឡើយក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។ ទោះជាយ៉ាងនេះក្ដី ក៏មិត្តរួមក្រុម Bernardo Silva បានប្រាប់ FIFA ថា ទោះបីជាមិនអាចរកគ្រាប់បាល់បានក្នុងការប្រកួត 9 លើកចុងក្រោយរបស់គាត់សម្រាប់ព័រទុយហ្គាល់ក៏ដោយ ក៏ Ronaldo នៅតែមានការគាំទ្រពីមិត្តរួមក្រុមរបស់គាត់។

កីឡាកររបស់ Manchester City បាននិយាយថា៖ “ការពិត គឺនៅពេលដែលអ្នកមានកីឡាករដូច Cristiano វាជារឿងធម្មតាទេ ដែលពេលខ្លះអ្នកលេងដើម្បីគាត់ ព្រោះគាត់ស្វែករកជ័យជម្នះសម្រាប់អ្នក ក្នុងការប្រកួតនៅនាទីចុងក្រោយ”។

គេបន្តថា៖ “វាដូចគ្នាចំពោះប្រទេសផ្សេងទៀតដែរ។ ជាឧទាហរណ៍ វាជារឿងធម្មតាទេដែលបារាំងតែងតែសម្លឹងទៅរក [Kylian] Mbappe ព្រោះគាត់ជាអ្នកសម្រេចចំពោះលទ្ធផលឈ្នះឬចាញ់។ ប្រេស៊ីលមាន Neymar ហើយអាហ្សង់ទីនមាន Lionel Messi ។”

“នៅពេលដែលអ្នកមានកីឡាករប្រភេទនេះនៅក្នុងក្រុម អ្នកត្រូវតែទាញយកអត្ថប្រយោជន៍ពីពួកគេ ទោះបីជាអ្នកមិនអាចពឹងផ្អែកលើពួកគេទាំងស្រុងបានក៏ដោយ ព្រោះវាអាចរំខានដល់សក្ដានុពលក្រុម។ ប៉ុន្តែប្រសិនបើយើងធ្វើវាបានត្រឹមត្រូវ ការមាន Cristiano នៅក្នុងក្រុមរបស់យើងនឹងក្លាយជាអាវុធដ៏មានឥទ្ធិពលមួយ។”

Ronaldo បានស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ចំនួន 4 ផ្សេងៗគ្នា ដែលគាត់បានចូលរួមក្នុងឆ្នាំ 2006, 2010, 2014 និង 2018 ។

សូមជម្រាបថា ព័រទុយហ្គាល់ ស្ថិតក្នុងពូល H ជាមួយ ហ្គាណា អ៊ុយរុយហ្គាយ និង កូរ៉េខាងត្បូង។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង