ប្រទេសថៃ មិនទាន់មានក្រុមហ៊ុនណាមួយ បានចេញមុខទិញសិទ្ធិផ្សាយបន្តផ្ទាល់នូវព្រឹត្តការណ៍ FIFA World Cup 2022 នៅប្រទេសកាតានៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី15 ខែវិច្ឆិកានេះ។
ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam បាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរកីឡាថៃ (SAT) អាចខ្ចីថវិកាពីរដ្ឋាភិបាល សម្រាប់ទិញសិទ្ធិផ្សាយបន្តផ្ទាល់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នេះ។ លោកបានបន្តថា នេះជាដំណោះស្រាយមួយ ស្របពេលដែលភ្នាក់ងារកីឡាមួយចំនួន កំពុងស្វះស្វែងរកថវិការដើម្បីទិញសិទ្ធិផ្សាយ ដែលមានតម្លៃ 1.6 ពាន់លានបាតសម្រាប់ប្រទេសថៃ។
អាជ្ញាធរកីឡាថៃ ត្រូវការថវិកាបន្ថែម 1 ពាន់លានបាតទៀត បន្ទាប់ពីគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិថៃ បានយល់ព្រមបញ្ចេញថវិកា 600 លានបាតដើម្បីចំណាយលើការទិញសិទ្ធិនេះ។
សូមជម្រាបថា ព្រឹត្តិការណ៍ FIFA World Cup 2022 នឹងចាប់ផ្ដើមនៅថ្ងៃទី 20 ខែវិច្ឆិកាខាងមុខនេះ ធ្វើឱ្យថៃ សល់រយៈពេលតិចជាងមួយសប្ដាហ៍ដើម្បីសម្រេចលើការទិញសិទ្ធិផ្សាយបន្តផ្ទាល់នេះ៕