×

ខ្សែប្រយុទ្ធបារាំង Nkunku ត្រូវដកចេញពីក្រុមបារាំង ដោយសាររបួស

ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Christopher Nkunku ត្រូវបានគ្រូបង្វឹកដកចេញពីបញ្ជីឈ្មោះក្រុមចុងក្រោយសម្រាប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បន្ទាប់ពីរបួសជើងក្នុងការហ្វឹកហាត់ កាលពីថ្ងៃទី 15 ខែវិច្ឆិកា។

កីឡាករវ័យ 25 ឆ្នាំរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្របខណ្ឌ Bundesliga នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីរកបាន 12 គ្រាប់ក្នុង 15 ប្រកួតសម្រាប់ RB Leipzig ក្នុងរដូវកាលនេះ។

ខ្សែប្រយុទ្ធរូបនេះ បានប៉ះទង្គិចជាមួយខ្សែបម្រើ Eduardo Camavinga របស់ក្លិប Real Madrid អំឡុងពេលហ្វឹកហាត់របស់បារាំង ដើម្បីត្រៀមចេញទៅកាន់ប្រទេសកាតា។ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង គ្រោងនឹងហោះហើរទៅកាន់ប្រទេសកាតានៅថ្ងៃពុធនេះ។

Nkunku គឺជាកីឡាករចុងក្រោយគេដែលត្រូវបានដាក់បញ្ចូនទៅក្នុងបញ្ជីកីឡាករដែលអវត្តមាន សម្រាប់ក្រុមការពារតំណែងជើងឯកបារាំង បន្ទាប់ពីខ្សែបម្រើ Paul Pogba, ខ្សែបម្រើ N’Golo Kante និង ខ្សែការពារ Prisnel Kimpembe ។ ដោយឡែក ខ្សែការពារ Raphael Varane របស់ Manchester United កំពុងជាសះស្បើយពីរបួស ប៉ុន្តែគេនៅតែជាប់ជម្រើសជាតិ។

មកទល់ថ្ងៃពុធនេះ បារាំងមិនទាន់រកឃើញអ្នកជំនួស Nkunku នៅឡើយទេ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង