ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងបាងកក មុនកិច្ចប្រជុំកំពូល APEC ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រតិកម្មចំពោះការរិះគន់លើព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ហើយការដែលលោកនឹងធ្វើដំណើរទស្សនកិច្ចនៅកាតា គឺជាការគាំទ្រក្រុមបារាំងរបស់លោកតែប៉ុណ្ណោះ។
លោកប្រធានាធិបតីបារាំង នឹងធ្វើដំណើរទៅប្រទេសកាតា ប្រសិនបើក្រុមមាន់គកបារាំង អាចឆ្លងផុតវគ្គ 8 ក្រុមចុងក្រោយ។ ប្រមុខរដ្ឋរូបនេះ ក៏ធ្លាប់អញ្ជើញចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 នៅប្រទេសរុស្ស៊ីផងដែរ។
លោក Macron មានប្រសាសន៍ថា៖ “ខ្ញុំគិតថាកីឡា មិនគួរទាក់ទងនឹងនយោបាយទេ។ សំណួរទាំងនោះគួរតែសួរនៅពេលដែលព្រឹត្តិការណ៍ត្រូវបានបញ្ចប់។ ទោះវាជាសំណួរទាក់ទងនឹងបញ្ហាអាកាសធាតុ ឬសិទ្ធិមនុស្សក្ដី ក៏យើងមិនគួរសួរ អំឡុងពេលព្រឹត្តិការណ៍កំពុងដំណើរការឡើយ។”
ទស្សនៈរបស់លោក Macron បានឆ្លុះបញ្ចាំងពីការគាំទ្រលើប្រសាសន៍របស់លោក Gianni Infantino ប្រធាន FIFA ដែលបានប្រាប់ឱ្យក្រុមទាំងអស់នៅ World Cup ផ្តោតលើកីឡាបាល់ទាត់ ក្រោយមានភាពចម្រូងចម្រាសជាច្រើនទាក់ទងនឹងប្រទេសម្ចាស់ផ្ទះ ជុំវិញបញ្ហាពលករចំណាកស្រុក និងច្បាប់គៀបសង្កត់លើអ្នកស្រឡាញ់ភេទដូចគ្នាជាដើម។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕