Shakira ដែលជាម្ចាសបទចម្រៀងដ៏ល្បី Waka Waka បានសម្រេចចិត្តថានឹងមិនចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ឡើយ ដោយលើកឡើងពីហេតុផលផ្ទាល់ខ្លួន។
សារព័ត៌មានអេស្ប៉ាញ Marca បានរាយការណ៍ថា ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីមួយ។ ប្រភពបន្តថា មិនទាន់មានការអះអាងឡើយថាតារាចម្រៀងកូឡុំប៊ីរូបនេះ នឹងមានតួនាទីអ្វីផ្សេងទៀតក្នុងពិធីបើក World Cup ។
Shakira ធ្លាប់ធ្វើឱ្យកក្រើកឆាកក្នុងពិធីបើកព្រឹត្តិការណ៍ដ៏ល្បីនេះចំនួន 3 ដងរួចមកហើយ ពោលគឺក្នុងឆ្នាំ 2006, 2010, និង 2014 ។ Shakira បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងបទចម្រៀង Waka Waka នៅក្នុងការប្រកួត FIFA World Cup 2010 នៅអាហ្វ្រិកខាងត្បូង។
សូមជម្រាបថា ពិធីបើកដ៏ធំនៃព្រឹត្តិការណ៍ FIFA World Cup 2022 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែវិច្ឆិកា មុនពេលការប្រកួតបើកឆាកពូល A រវាងម្ចាស់ផ្ទះកាតា និងអេក្វាឌ័រ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕