ភ្នំពេញ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា ប្រកាសថានឹងបញ្ជូន កីឡាករ របស់ខ្លួនចំនួន២រូប ដែលមានគុណផលល្អជាងគេទៅហ្វឹកហាត់នៅ ប្រទេសបារាំង ដើម្បីត្រៀមចូលរួមប្រកួត កីឡាស៊ីហ្គេមលើកទី៣១ នៅ ទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងឆ្នាំនេះ ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានប្រាប់ តាមបណ្ដាញសង្គម (Telegram) ថា “ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសបារាំង នេះគឺ សហព័ន្ធ រង់ចាំពត៌មានលម្អិតពី គណៈកម្មាធិការរៀបចំស៊ីហ្គេម ( CAMSOC)ព្រោះអ្វីៗវាពាក់ព័ន្ធនឹងការជួយឧបត្ថម្ភក្នុងការបញ្ជូនអត្តពលិកទៅ ហ្វឹកហាត់នៅក្រៅប្រទេសក៏ដូចជាការរង់ចាំពត៌មាន ស្ដីពីការចំណាយលម្អិតពី មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានៅ ប្រទេសបារាំង សិននោះទើបយើង ធ្វើគម្រោងចំណាយច្បាស់លាស់រួចផ្ញើទៅឱ្យ គណៈកម្មាធិការCAMSOC ដើម្បីសុំឲ្យពួកគាត់ធ្វើការពិចារណាថា គាត់នឹងអាចជួយអ្វីបានខ្លះហើយ សហព័ន្ធ នឹងការស្វែងរកថវិការបន្ថែម ដើម្បីបង្គ្រប់ក្នុងការបញ្ជូន អត្តពលិក ទៅហ្វឹកហាត់រយៈពេល ៣ខែ នៅប្រទេសបារាំងបាន ” ។
លោកប្រាប់ឲ្យដឹងទៀតថា អត្តពលិក ២រូប ដែលសហព័ន្ធគ្រោងនឹងបញ្ចូនទៅ ហ្វឹកហាត់នោះគឺ សហព័ន្ធ នឹងធ្វើការសម្រិតសម្រាំងយកតែកីឡាករនៅក្នុងស្រុកតែប៉ុណ្ណោះចំណែក ឯ កីឡាករ ខ្មែរ-អាម៉េរិក ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ អេរិក ភារ៉ុនប៉ែន វិញ សហព័ន្ធ មានគម្រោងសុំគោលការណ៍ទៅ ក្រសួងអប់រំ យុវជន និងកីឡា និង CAMSOC ដើម្បីអាចបញ្ជូនទៅហ្វឹកហាត់នៅ ប៉ែកអឺរ៉ុប ផងដែរដើម្បីធ្វើឱ្យមានភាពប្រាកដថាកីឡាករទម្ងន់ធ្ងន់ម្នាក់នេះ អាចនឹងឈានទៅដល់ការបង្កើត ប្រវត្តិសាស្ត្រឈ្នះមេដាយមាសស៊ីហ្គេម ព្រោះរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមប្រដាល់សកលកម្ពុជា ធ្លាប់បានឈ្នះមេដាយ ខ្ពស់បំផុតត្រឹម មេដាយប្រាក់ ដែលរកបានដោយ កីឡាករ ផល សុផាត កាលពីឆ្នាំ២០០៩ និង កីឡាករ វ៉ែន រដ្ឋា នាស៊ីហ្គេម ឆ្នាំ២០១៥ ។
លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថាសម្រាប់អ្នកប្រដាល់ អេរិក ភារ៉ុនប៉ែន សហព័ន្ធសង្ឃឹមថា គេនឹងដណ្ដើមបាន លទ្ធផលល្អ ព្រោះកន្លងមក ប្រដាល់សាកលកម្ពុជា ដណ្ដើមបានតែត្រឹម មេដាយប្រាក់ ប៉ុណ្ណោះតែសម្រាប់ កីឡាកររូបនេះ អាចនឹងបង្កើតនូវប្រវត្តិសាស្រ្តថ្មីដល់ កម្ពុជា នោះគឺការប្រជែងយក មេដាយមាស ជាលើកដំបូងនា ស៊ីហ្កេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងឆ្នាំ២០២១នេះ ៕
ប្រភពអត្ថបទ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា