Darwin Nunez ខ្សែប្រយុទ្ធក្រុម Liverpool បាននិយាយកាលពីពេលថ្មីៗនេះថា អ៊ុយរុយហ្គាយ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ FIFA World Cup 2022 នៅប្រទេសកាតា។ ពួកគេនឹងបើកឆាកជួបជាមួយកូរ៉េខាងត្បូង មុនពេលជួបព័រទុយហ្គាល់ និងហ្គាណា ក្នុងពូល H ។
Nunez បាន និយាយ អំឡុង ពេលហ្វឹកហាត់ មុន ការ ប្រកួត World Cup ថា៖ “ការប្រកួតបើកឆាកទល់នឹងកូរ៉េខាងត្បូង គឺសំខាន់ណាស់។ យើងនឹងជួបជាមួយក្រុមខ្លាំងមួយនៅ World Cup”។
Nunez ដែលបានស៊ុតបញ្ចូលទីបាន 9 គ្រាប់ក្នុងការបង្ហាញខ្លួន 18 ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ចាប់តាំងពីចូលរួមជាមួយ Liverpool ពី Benfica បានបន្តថា “យើងចង់ទៅឱ្យឆ្ងាយនៅក្នុងព្រឹត្តិការណ៍នេះ”។ “គោលបំណងរបស់យើងគឺឈ្នះពានរង្វាន់ World Cup ប៉ុន្តែដំបូងយើងផ្ដោតលើការប្រកួតជាមួយកូរ៉េខាងត្បូងជាមុនសិន”។
អ៊ុយរុយហ្គាយ ទទួលបានកៅអីមួយសម្រាប់ FIFA World Cup 2022 ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងវគ្គជម្រុះតាមពូល នៃតំបន់អាមេរិកខាងត្បូង ដែលមាន 10 ក្រុម តាមពីក្រោយប្រេស៊ីល និងអាហ្សង់ទីន។
ទោះបីជាមានប្រជាជនតែជាង 3.5 លាននាក់ក៏ដោយ ក៏អ៊ុយរុយហ្គាយ តែងតែធ្វើបានល្អនៅក្នុងកីឡាបាល់ទាត់។ ពួកគេ ជាជើងឯក World Cup ក្នុងឆ្នាំ 1930 និង 1950 ហើយបានឈានទៅវគ្គ 16 ក្រុមចុងក្រោយ ឬវគ្គជ្រៅជាងនេះ ក្នុងព្រឹត្តិការណ៍ World Cup ចំនួន 3 ដងចុងក្រោយ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕