×

កម្មវិធីបើក World Cup និងការប្រកួតកាតាទល់នឹងអេក្វាឌ័រ ផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC យប់នេះ

ការទន្ទឹងរង់ចាំដ៏យូរបំផុតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ត្រូវបញ្ចប់ បន្ទាប់ពីពេលវេលាបានកន្លងផុតទៅអស់រយៈពេល ១៥៨៦ថ្ងៃ ដោយក្រុមម្ចាស់ផ្ទះ កាតា នឹងទទួលស្វាគមន៍អេក្វាឌ័រ ក្នុងការប្រកួតបើកឆាកក្នុងពូល A ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ក្នុងពេលដំណាលគ្នា នៅថ្ងៃអាទិត្យនេះ ចាប់ពីម៉ោង ៩:៤០ នាទីយប់តទៅ ជាមួយនឹងកម្មវិធីបើកផងដែរ។

ពិធីបើក FIFA World Cup 2022 នៅប្រទេសកាតា នឹងចាប់ផ្តើមនៅកីឡដ្ឋាន Al Bayt ទីក្រុង Al Kohr ។ កាតា ដែលជាម្ចាស់ជើងឯកពានរង្វាន់ Asian Cup នឹងប៉ះក្រុមអេក្វាឌ័រ ដែលបានឈ្នះលើរឿងក្ដីតវ៉ា ក្រោយពីមានការចោទប្រកាន់ថា អេក្វាឌ័រ បានប្រើប្រាស់កីឡាករខុសលក្ខខណ្ឌម្នាក់ អំឡុងពេលការប្រកួតវគ្គជម្រុះរបស់ពួកគេ។

កាតា បានកសាងក្រុមដ៏ល្អរបស់ខ្លួន សម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ គួរបញ្ជាក់ថា គ្មានក្រុមម្ចាស់ផ្ទះ World Cup ណា ដែលធ្លាប់ចាញ់ក្នុងការប្រកួតបើកឆាករបស់ពួកគេទេ។

ទោះបីជាយ៉ាងណា ក្រុមអេក្វាឌ័រ ក៏មិនមែនជាគូប្រកួតដែលងាយយកឈ្នះដែរ ដែលក្រុមនេះ បានស្មើជាមួយក្រុមអាហ្សង់ទីន ១ ទល់នឹង ១ កាលពីខែមីនា។ អេក្វាឌ័រ បានរក្សា Clean Sheet ៦ប្រកួតជាប់ៗគ្នា និងជាក្រុមដែលបង្កការគំរាមកំហែងដល់គូប្រកួតនៅពេលបាល់ Set Piece ។

តើទស្សនិកជនរបស់ CBS អាចទស្សន៍ទាយបានទេថា លទ្ធផលនៃការប្រកួតទីមួយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះនឹងទៅជាយ៉ាងណា? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ចាប់ពីម៉ោង ៩:៤០ នាទីយប់នេះតទៅ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង