ក្រុមសេណេហ្គាល់ ដែលជាម្ចាស់ជើងឯកពានរង្វាន់ Africa Cup of Nations នឹងប្រកួតជាមួយក្រុមហុល្លង់ ក្នុងពូល A ព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Al Thumama ទីក្រុងដូហា ប្រទេសកាតា ដែល CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខ នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ក្នុងពេលដំណាលគ្នា ចាប់ពីម៉ោង 10:30 នាទីយប់នេះតទៅ។
ក្រុមសេណាហ្គាល់របស់លោកគ្រូបង្វឹក Aliou Cisse បានត្រឡប់ពីការឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូងរបស់ពួកគេ កាលពីខែកុម្ភៈ ជាមួយនឹងជ័យជម្នះក្នុងវគ្គ Playoff ទល់នឹងអេហ្ស៊ីប ដើម្បីទទួលបានកៅអីសម្រាប់ FIFA World Cup Qatar 2022 ផងដែរ។ ប៉ុន្តែជាអកុសល តារាឆ្នើមរបស់ពួកគេ គឺ Sadio Mane ដែលជាកីឡាករដ៏សំខាន់ម្នាក់ក្នុងការរួមចំណែកក្នុងជ័យជម្នះទាំងពីរនេះ នឹងមិនអាចបង្ហាញខ្លួននៅ World Cup ប្រទេសកាតាបានឡើយ ដោយសាររបួស។
ហុល្លង់ មានការព្រួយបារម្ភអំពីកាយសម្បទារបស់កីឡាករផងដែរ ប៉ុន្តែ ពួកគេឈានជើងចូលមកក្នុងការប្រកួត World Cup ជាលើកដំបូង ចាប់តាំងពីឆ្នាំ 2014 ក្នុងទម្រង់លេងដ៏ល្អ។ ហុល្លង់ មិនស្គាល់ពាក្យថាចាញ់ទេក្នុង 15 ប្រកួតកន្លងទៅ ចាប់តាំងពីលោក Louis van Gaal ត្រូវបានតែងតាំងជាគ្រូបង្វឹកជាលើកទីបីកាលពីឆ្នាំមុន។
សូមជម្រាបថា អវត្តមានរបស់ Mane មានន័យថា សេណេហ្គាល់ បានបាត់បង់អ្នកស៊ុតបញ្ចូលទី ឬបង្កើតឱកាសរបស់ពួកគេ ដោយខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich បានទាត់ចូល ឬ Assist ចំនួន 9 គ្រាប់ក្នុងចំណោម 14 គ្រាប់ចុងក្រោយរបស់សេណេហ្គាល់។
ចំណែក លោក Van Gaal របស់ហុល្លង់ បានបញ្ជាក់ថា Memphis Depay នឹងអវត្តមានសម្រាប់ការប្រកួតនេះ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំសម្រាប់ហុល្លង់ទេ ដែលពួកគេជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនជាងគេមួយ ក្នុងវគ្គជម្រុះ World Cup ទ្វីបអឺរ៉ុប បន្ទាប់ពីក្រុមអង់គ្លេស និងក្រុមអាល្លឺម៉ង់៕