Daniel James បានសារភាពថា គេបានបង្កកំហុសក្នុងការលេង “ដើម្បីសុវត្ថិភាពបន្តិច” ក្នុងដំណាក់កាលចុងក្រោយ នៃអាជីពរបស់គេនៅក្លិប Manchester United ។
កីឡាករសញ្ជាតិវែលនេះ កីឡាករទី១នៃការចុះហត្ថលេខាលើកដំបូងរបស់លោក Ole Gunnar Solskjaer ក្នុងនាមជាអ្នកចាត់ការទូទៅអចិន្ត្រៃយ៍នៅ Old Trafford ។
James ស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួត ៤លើកដំបូងរបស់គេសម្រាប់ Man Utd ប៉ុន្តែឥទ្ធិពលរបស់គេទៅលើការប្រកួត ចាប់ផ្តើមថយចុះបន្តិចម្តងៗ នៅចុងបញ្ចប់នៃរដូវកាលទី២ របស់គេនៅក្លិបបិសាចក្រហម។
ថ្វីបើទម្រង់លេងរបស់ James ធ្លាក់ចុះក៏ដោយ ក៏កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានចាប់ផ្តើមការប្រកួត ២លើកក្នុងចំណោមការប្រកួតបើកឆាក ៣ លើករបស់ Man United នៅរដូវកាលនេះផងដែរ។
អតីតខ្សែបម្រើស្លាប Swansea រូបនេះ ទទួលបានការផ្លាស់ប្តូរទៅកាន់ក្រុម Leeds បន្ទាប់ពីក្រុមបិសាចក្រហម បានចុះហត្ថលេខាជាមួយកីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះ។
James បាននិយាយថា៖ “ខ្ញុំគិតថាមនុស្ស គ្រប់គ្នាធ្លាប់ឆ្លងកាត់ដំណាក់កាលមួយនៃអាជីពរបស់ពួកគេ ដែលអ្នកមិនដឹងថា មានអ្វីកើតឡើងឡើយ រហូតដល់ពេលពេលអ្នកគិតឡើងវិញ និងឱ្យមនុស្សល្អៗនៅជុំវិញខ្លួនអ្នក ជួយវិភាគរឿងនោះ។”
“ខ្ញុំចាប់ផ្តើមគិតថា តើខ្ញុំអាចធ្វើដូចគេបានអ្វីខ្លះ? ជាជាងការផ្ដោតលើការប្រកួតរបស់ខ្ញុំ និងខ្លួនឯង។ វាជាចំណុចដែលខ្ញុំ មានអារម្មណ៍ថា មានសុវត្ថិភាពបន្តិចក្នុងការប្រកួត។”
“ខ្ញុំត្រូវបានគេទិញមក សម្រាប់ការលេងរបៀបរបស់ខ្ញុំ ដោយរត់ពីក្រោយ រត់ជាមួយបាល់ ព្យាយាមបង្កើតឱកាសផ្សេងៗ ហើយមិនត្រូវខ្លាចបាត់បង់បាល់ឡើយ ប៉ុន្តែបន្តិចម្តងៗ ខ្ញុំចាប់ផ្តើមចាកឆ្ងាយពីវា ហើយលេងដើម្បីសុវត្ថិភាពបន្តិច។”
“នៅពេលដែលខ្ញុំគិតឡើងវិញ ខ្ញុំភ្លេចការលេងរបស់ខ្ញុំ ដើម្បីធ្វើជាកីឡាករដែលគាត់ចង់បាន។ សុវត្ថិភាព គឺគ្រោះថ្នាក់នៅក្នុងតំបន់ដែលខ្ញុំលេង។ អ្នកមិនអាចធ្វើបែបនេះនៅទីនោះបានទេ។ អ្នកត្រូវនៅទីនោះដើម្បីរកគ្រាប់បាល់ និងបញ្ជូនបាល់ និងរត់ទោះមាន ឬមិនមានបាល់ក៏ដោយ”៕