×

អ្នកគាំទ្រក្រុមកាតា ដើរចេញពីកីឡដ្ឋានតាំងពីចប់វគ្គទីមួយ ក្រោយត្រូវអេក្វាឌ័រនាំមុខ2គ្រាប់ (មានវីដេអូ Highlight)

លោក Felix Sanchez គ្រូបង្វឹករបស់ក្រុមកាតាបានសរសើរចំពោះអ្នកគាំទ្រកាតា បើទោះបីជាអ្នកគាំទ្រជាច្រើន បានចាកចេញមុនការផ្លុំកញ្ចែចុងក្រោយក៏ដោយ។

ក្រុមកាតា បានចាប់ផ្ដើមការប្រកួតបើកឆាកជាមួយនឹងបរាជ័យ 0-2 ក្នុងពូល A ព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងកីឡដ្ឋាន Al Bayt ដោយគ្រាប់បាល់ពីរគ្រាប់របស់ Enner Valencia ជួយឱ្យអេក្វាឌ័រ ដណ្ដើមបាន 3 ពិន្ទុពីការប្រកួតដំបូង។

មុនការប្រកួត អ្នកចូលរួមទស្សនាមានលើសពី 57,000 នាក់នៅកីឡដ្ឋាន Al Bayt ។ ប៉ុន្តែអ្នកគាំទ្រជាច្រើន បានចាកចេញពីកីឡដ្ឋានមុនពេលចាប់ផ្តើមវគ្គទីពីរ ហើយនៅនាទីទី 80 ចន្លោះកាន់តែធំទៅៗ នៅកន្លែងអង្គុយរបស់អ្នកគាំទ្រកាតា។

ថ្វីបើមានអ្នកគាំទ្រកាតា បានត្រឡប់ទៅផ្ទះវិញមុនចប់ការប្រកួតក៏ដោយ ក៏អ្នកចាត់ការ Felix Sanchez បានសរសើរចំពោះការគាំទ្ររបស់អ្នកគាំទ្រកាតាថា៖ “យើងទទួលបានការគាំទ្រ និងនៅពីក្រោយរបស់អ្នកគាំទ្រយើង ហើយយើងសង្ឃឹមសម្រាប់ការប្រកួតបន្ទាប់ អ្នកគាំទ្ររបស់យើងនឹងមានមោទកភាព និងបន្តគាំទ្រពួកយើងរហូតដល់ការបញ្ចប់នៃព្រឹត្តិការណ៍នេះ។ បរិយាកាសនេះគឺអស្ចារ្យណាស់ អ្នកគាំទ្រយើង បានទន្ទឹងរង់ចាំការប្រកួតនេះយូរណាស់មកហើយ”។

ទោះជាយ៉ាងណាក៏ដោយ ក៏លោក Sanchez បានសោកស្ដាយចំពោះទម្រង់លេងរបស់ក្រុមរបស់គាត់ ដែលពួកគេបានក្លាយជាប្រទេសម្ចាស់ផ្ទះដំបូងគេដែលទទួលបរាជ័យក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup ។ លោកបន្តថា៖ “យើងបានដឹងថា [ការបរាជ័យ] អាចកើតឡើង ហើយពេលខ្លះលទ្ធផលនេះ ពិបាកក្នុងការទទួលយកសម្រាប់ពួកយើង។ យើងនឹងព្យាយាមរៀនសូត្រពីចំណុចខ្វះខាតចាប់ពីថ្ងៃនេះ ហើយខ្ញុំហ៊ាននិយាយថា ក្រុមរបស់ពួកយើងនឹងធ្វើឱ្យអ្នកគាំទ្រកាន់តែសប្បាយចិត្តជាមួយនឹងការលេងរបស់ពួកយើង។”

ការប្រកួត FIFA World Cup Qatar 2022 បានឈានចូលដល់ថ្ងៃទីពីរ នៅថ្ងៃចន្ទ ទី 21 ខែវិច្ឆិកានេះ ដែល CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់រវាង៖
-អង់គ្លេស Vs អ៊ីរ៉ង់ ផ្សាយបន្តផ្ទាល់នៅ CNC ចាប់ពីម៉ោង 7:30 នាទីយប់តទៅ
-សេណេហ្គាល់ Vsហុល្លង់ ផ្សាយបន្តផ្ទាល់នៅ CTN, MyTV និង CNC ចាប់ពីម៉ោង 10:30 នាទីតទៅ
-អាមេរិក Vs វែលស៍ ផ្សាយបន្តផ្ទាល់នៅ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអាធ្រាត្រតទៅ៕

 

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង