×

អ្នកចាំទីអ៊ុយរុយហ្គាយ ត្អូញត្អែរពីបញ្ហាបាល់ដែលប្រើនៅ World Cup លឿនជាងមុន

អ្នកចាំទី Sergio Rochet របស់ក្រុមអ៊ុយរុយហ្គាយ បាននិយាយថា ពួកគេកំពុងប្រឈមមុខនឹងការងារដ៏លំបាកជាងមុន នៅក្នុងការប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈបាល់ថ្មីដែលទាត់ចេញទៅ បានធ្វើដំណើរលឿនជាងមុន។

មិនខុសនោះទេ FIFA បាននិយាយថា បាល់ថ្មីដែលមានឈ្មោះថា Al Rihla ឬ “the journey” ជាភាសាអារ៉ាប់ អាចធ្វើដំណើរលឿនជាងបាល់ផ្សេងទៀត ក្នុងប្រវត្តិសាស្ត្រ។

អ្នកចាំទី Rochet បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ទល់នឹងកូរ៉េខាងត្បូងថា៖ “ពីមួយឆ្នាំទៅមួយឆ្នាំ វាកាន់តែប្រសើរឡើងសម្រាប់ខ្សែប្រយុទ្ធ ប៉ុន្តែសម្រាប់អ្នកចាំទីដូចជាខ្ញុំ វាពិតជាលំបាកខ្លាំងណាស់”។

Rochet បាននិយាយបន្តថា៖ “នេះគឺជាបាល់ដ៏លឿន។ ពួកយើងកំពុងស្ថិតក្នុងដំណើរការនៃការសម្របខ្លួនជាមួយវា”។

កីឡាករវ័យ 29 ឆ្នាំដែលលេងឱ្យក្លិប Nacional ក្នុងប្រទេសកំណើតរបស់គាត់ បានក្លាយជាអ្នកចាំទីដៃទីមួយ សម្រាប់គ្រូបង្វឹកអ៊ុយរុយហ្គាយលោក Diego Alonso ។

បន្ទាប់ពីការប្រកួតជាមួយកូរ៉េខាងត្បូងនៅថ្ងៃទី24 វិច្ឆិកា អ៊ុយរុយហ្គាយដែលជាម្ចាស់ជើងឯកពិភពលោកពីរសម័យត្រូវ ប៉ះ ព័រទុយហ្គាល់នៅថ្ងៃទី28 វិច្ឆិកា និង ហ្គាណានៅថ្ងៃទី2 ធ្នូ ក្នុងពូល H ដែលការប្រកួតទាំងអស់នេះ CBS (CTN, MyTV និង CNC) នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង