លោក Steven Gerrard អតីតប្រធានក្រុមជម្រើសជាតិ មិនទាន់ជឿជាក់ទៅលើខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេសនោះទេ ដោយគាត់បានចោទជាសំណួរចំពោះភាពជាដៃគូនៅការពារកណ្ដាលរបស់អង់គ្លេស។
Gerrard បាននិយាយថា៖ “ខ្ញុំគិតថា បញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមអង់គ្លេស គឺថាតើយើងអាចស្វែងរកកីឡាករដែលសក្តិសម និងភាពជាដៃគូដ៏ត្រឹមត្រូវដែលលេងការពារកណ្ដាលបានដែរឬអត់”។
អង់គ្លេស បានរបូតត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតវគ្គជម្រុះ World Cup ។ ផ្ទុយទៅវិញ 6 ប្រកួតចុងក្រោយរបស់ពួកគេមិនទាន់ស្គាល់ពាក្យថាឈ្នះឡើយ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ 1993 ដោយពួកគេបានរក្សា Clean Sheet តែមួយប្រកួតប៉ុណ្ណោះ។ Harry Maguire ត្រូវបានការចាត់ទុកជាការព្រួយបារម្ភមួយ។ ខ្សែការពារដែលជាប់ឈ្មោះក្នុងក្រុម UEFA’s Team of the Tournament នៅ EURO 2020 បានបាត់បង់តំណែងរបស់គាត់ក្នុងក្រុម Manchester United និងបានបង្កើតកំហុសមុនពេលគ្រាប់បាល់ពីរគ្រាប់របស់អាល្លឺម៉ង់ ក្នុងលទ្ធផលស្មើ 3-3 កាលពីខែកញ្ញា។
Maguire គឺជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារចំនួន 3 នាក់ ដែលតែងតែមានមុខសម្រាប់អង់គ្លេសក្រោមការដឹកនាំរបស់លោក Southgate (John Stones និង Kyle Walker) ដែលបានលេងរាល់ការប្រកួតនៅ FIFA World Cup 2018 ។ នៅ EURO 2020, Maguire បានលេងជាមួយនឹង Stones និង Walker ក្នុងការប្រកួតចំនួន 5 ប្រកួតជាប់គ្នា ខណៈអង់គ្លេសបានបញ្ចប់ក្នុងនាមជាជើងឯករង។
ក្រុមអង់គ្លេស នឹងចាប់ផ្ដើមយុទ្ធនាការ FIFA World Cup 2022 របស់ពួកគេ ទល់នឹង អ៊ីរ៉ង់ នៅក្នុងពូល B នារាត្រីនេះ ដែលការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CNC តែមួយគត់ ចាប់ពីម៉ោង 7:30 នាទីយប់តទៅ៕