×

អាហ្សង់ទីនលើកទ័ពទៅប៉ះអារ៉ាប៊ីសាអ៊ូឌីតនៅ World Cup ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC ល្ងាចនេះ

ក្រុមអាមេរិកឡាទីន អាហ្សង់ទីននឹងត្រូវជួបជាមួយក្រុមអាស៊ី អារ៉ាប៊ីសាអូឌីត នៅក្នុងការប្រកួតបើកឆាកពូល C នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅឯកីឡដ្ឋាន Lusail ទីក្រុង Al Daayan ប្រទេសកាតា ខណៈការប្រកួតដ៏ជក់ចិត្តនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ នៅថ្ងៃអង្គារ ទី 22 ខែវិច្ឆិកា ចាប់ពីម៉ោង 4:30 នាទីរសៀលតទៅ។

ក្រុមអាហ្សង់ទីនរបស់លោកគ្រូបង្វឹក Lionel Scaloni មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ក្នុង 36 ប្រកួតកន្លងទៅ ចាប់តាំងពីចាញ់ប្រេស៊ីលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America ឆ្នាំ 2019។ ក្នុងការមិនចាញ់នេះ អាហ្សង់ទីនបានក្លាយជាម្ចាស់ជើងឯកនៃទ្វីបអាមេរិកខាងត្បូង ក្នុងឆ្នាំ 2021 ។

ខ្សែការពារ Cristian Romero របស់ Tottenham គឺជាកង្វល់ចម្បងរបស់លោក Scaloni បន្ទាប់ពីរូបគេបានខកខានការប្រកួតនៅក្របខណ្ឌ Premier League រយៈពេល 4 សប្តាហ៍ចុងក្រោយ ហើយមិនបានអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួតមិត្តភាពមុនការប្រកួត World Cup ចុងក្រោយរបស់អាហ្សង់ទីនជាមួយអារ៉ាប់រួម កាលពីសប្ដាហ៍មុនឡើយ។

Paulo Dybala បានអវត្តមានចំនួន 8 ប្រកួតសម្រាប់ក្លិប Roma ជាមួយនឹងបញ្ហាសរសៃពួរ ប៉ុន្តែបានចូលលេងក្នុងការប្រកួតចុងក្រោយមុនពេលសម្រាករដូវរងា សម្រាប់ World Cup ។

អាហ្សង់ទីន ខ្វះតែមួយប្រកួតទៀតប៉ុណ្ណោះ ក្នុងការតាមស្មើកំណត់ត្រាមិនដែលចាញ់ 37 ប្រកួតរបស់អ៊ីតាលី នៅក្នុងការប្រកួតបាល់ទាត់កម្រិតអន្តរជាតិ។ ប្រសិនបើក្រុមអារ៉ាប៊ីសាអ៊ូឌីត មិនអាចបញ្ឈប់ពួកគេបានទេនៅល្ងាចនេះ អាហ្សង់ទីននឹងអាចតាមទាន់កំណត់ត្រារបស់អ៊ីតាលី។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតទីពីរនៅ World Cup ពោលគឺស្ថិតនៅលេខ 51 ។ តើក្រុមអាស៊ីមួយនេះ អាចបញ្ឈប់កំណត់ត្រារបស់ម្ចាស់ជើងឯកអាមេរិកឡាទីននេះបានដែរឬទេ? កុំភ្លេចរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ នៅម៉ោង 4:30 នាទីរសៀលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង