×

ម៉ិកស៊ិកប៉ះប៉ូឡូញក្នុងការប្រកួត World Cup ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC យប់នេះ

ម៉ិកស៊ិក នឹងចាប់ផ្តើមយុទ្ធនាការ FIFA World Cup 2022 ក្នុងការប្រកួតទល់នឹងប៉ូឡូញ ក្នុងពូល C នៅកីឡដ្ឋាន 974 ទីក្រុងដូហា ប្រទេសកាតា ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC តែមួយគត់ នៅយប់នេះ ចាប់ពីម៉ោង 10:30 នាទីតទៅ។

ក្នុងព្រឹត្តិការណ៍ World Cup ចំនួន 7 ដងកន្លងមក ម៉ិកស៊ិកបានធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយ។ ព្រឹត្តិការណ៍ដែលរៀបចំនៅក្នុងផ្ទះ កាលពីឆ្នាំ 1986 គឺជាលើកចុងក្រោយដែលម៉ិកស៊ិក បានភ្លក់រសជាតិ នៃការលេងនៅវគ្គ 8 ក្រុមចុងក្រោយ។ ឆ្នាំ 1986 ក៏ជាឆ្នាំដែលប៉ូឡូញ បានឆ្លងផុតវគ្គចែកពូល World Cup ផងដែរ។ ក្រុមទាំងពីរ បានធ្លាក់ត្រឹមវគ្គចែកពូលដូចគ្នា បន្ទាប់ពីលេងបានតែពីរប្រកួត កាលពីព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

ម៉ិកស៊ិក ជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់ច្រើន ខណៈប៉ូឡូញ មិនមែនជាក្រុមដែលលេងយកការគ្រប់គ្រងបាល់បានច្រើននោះទេ។ ក្រោមការដឹកនាំរបស់លោក Czeslaw Michniewicz និងអតីតអ្នកចាត់ការ Paulo Sousa គ្រាប់បាល់របស់ប៉ូឡូញ ធ្វើបានសម្រេចតាមរយៈការបោះកាត់ចូលទៅក្នុងប្រអប់។ ខ្សែប្រយុទ្ធ Robert Lewandowski គឺជាគោលដៅរបស់ពួកគេ ប៉ុន្តែខ្សែការពារកម្ពស់ខ្ពស់ Cesar Montes នឹងត្រូវគ្រូរបស់ម៉ិកស៊ិកដាក់ឱ្យតាមបិទខ្សែប្រយុទ្ធរបស់ក្លិប Barcelona ។

តើលទ្ធផលគូទី 3 នៅថ្ងៃទី 3 នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នឹងទៅជាយ៉ាងណា? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង