អារ៉ាប៊ីសាអូឌីត បានបង្កើតប្រវត្តិសាស្ត្រលើអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដោយបានយកឈ្នះក្រុមជើងឯកពានរង្វាន់ទ្វីបអាមេរិកខាងត្បូង ដែលជាប់ចំណាត់ថ្នាក់លេខ 3 ពិភពលោក ដោយលទ្ធផល 2-1 ។
គន្លឹះនៅពីក្រោយជ័យជម្នះរបស់ពួកគេ គឺគ្រូបង្វឹកសញ្ជាតិបារាំងលោក Hervé Renard ដែលបានក្លាយជាអ្នកចាត់ការទូទៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ 2019។ គាត់បានចាប់ផ្តើមលេងជាខ្សែការពារក្នុងក្រុមបាល់ទាត់បារាំងកាលពីទសវត្សរ៍ 1980 និង 1990 រហូតដល់លោកបានរបួសជង្គង់ក្នុងឆ្នាំ 1998 ដែលបានបំផ្លាញអាជីពរបស់គាត់។
មិនយូរប៉ុន្មាន នៅអាយុ 30 ឆ្នាំគាត់បានក្លាយជាគ្រូបង្វឹកក្រុម Draguignan SC ដែលជាក្រុមបាលទាត់តូចមួយនៅភាគខាងត្បូងប្រទេសបារាំង។ បន្ទាប់មក គាត់ ក៏បានឆ្លៀតពេលធ្វើការជាអ្នកអនាម័យ ហើយក្រោយមកគាត់បានបង្កើតក្រុមហ៊ុនអនាម័យផ្ទាល់ខ្លួនផងដែរ។
ត្រលប់ទៅថ្ងៃដែលគាត់ធ្វើជាគ្រូបង្វឹកដំបូង ការសម្លឹងទៅកាន់ព្រឹត្តិការណ៍ World Cup ហាក់ដូចជាក្ដីរំពឹងមួយដែលមិនអាចកើតឡើងឡើយសម្រាប់គ្រូបង្វឹកក្រុមបាល់ទាត់ដ៏តូចតាច។
គាត់បានរៀបរាប់ប្រាប់ថា៖ “វាជាសុបិនពីកុមារភាព ដែលមើលទៅហាក់ដូចជាមិនអាចទៅរួចឡើយ ” ។
មកដល់ឆ្នាំ 2004 លោក Renard បានប្រឈមមុខនឹងឧបសគ្គបន្ថែមទៀត បន្ទាប់ពីការដឹកនាំរយៈពេលខ្លីរបស់គាត់នៅក្រុម Cambridge United ដែលជាក្រុមនៅលីគទាបរបស់អង់គ្លេស បានបញ្ចប់ដោយការបណ្តេញចេញ។
យ៉ាងណាក៏ដោយ សំណាងរបស់គាត់ក៏បានកើតឡើងនៅទសវត្សរ៍ 2010។ បន្ទាប់ពីធ្វើការជាច្រើនឆ្នាំសម្រាប់ក្រុមជម្រើសជាតិ និងក្លិបផ្សេងៗនៅទូទាំងទ្វីបអាហ្រ្វិក និងអាស៊ី គាត់បានដឹកនាំប្រទេស ហ្សំបៀ និងកូឌីវ័រ ឱ្យឈ្នះពានរង្វាន់ Africa Cup of Nations ក្នុងឆ្នាំ 2012 និង 2015 ។ ដែលធ្វើឱ្យគាត់ក្លាយជាគ្រូបង្វឹកដំបូងគេដែលឈ្នះពានរង្វាន់នេះពីរដងជាមួយប្រទេសពីរផ្សេងគ្នា។
នៅខែកក្កដា ឆ្នាំ 2019 លោក Renard បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីក្លាយជាអ្នកចាត់ការរបស់ក្រុមអារ៉ាប៊ីសាអ៊ូឌីត ដែលបានជ័យជម្នះលើក្រុមអាហ្សង់ទីនក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា។
គ្រូបង្វឹកសញ្ជាតិបារាំង បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ ពីការទទួលជ័យ ជម្នះ របស់គាត់ថា៖ “កាលៈទេសៈបានអំណោយផលសម្រាប់ពួកយើង”៕
(ទស្សនាវីដេអូ highlight)