×

អ្នកគាំទ្រArsenalស្គាល់ច្បាស់ខ្សែប្រយុទ្ធដែលជួយជប៉ុនឱ្យឈ្នះអាល្លឺម៉ង់ (មានវីដេអូ Highlight)

កីឡាករ Takuma Asano ត្រូវបានចារឈ្មោះក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ជប៉ុន បន្ទាប់ពីគេបានជួយឱ្យជប៉ុនយកឈ្នះលើអាល្លឺម៉ង់ ពូល E ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Khalifa កាលពីយប់មិញ។

ខ្សែប្រយុទ្ធរូបនេះ ត្រូវបានប្ដូរចូលនៅក្នុងវគ្គទី 2 ក្នុងអំឡុងពេលក្រុមសាមូរ៉ៃកំពុងវាយបក ក្នុងលទ្ធផល 1-1 ។ Ko Itakura បានបោះកាត់បាល់វែងឱ្យ Asano ដែលបានគ្រប់គ្រងយ៉ាងល្អ និងបានស៊ុតយ៉ាងខ្ពស់ទៅលើដំបូលសំណាញ់ពីមុំស្រួចផុតដៃ Manuel Neuer ។

គ្រាប់បាល់នោះគ្រប់គ្រាន់សម្រាប់ជប៉ុន ក្នុងការដណ្តើមយកជ័យជម្នះយ៉ាងភ្ញាក់ផ្អើលលើអាល្លឺម៉ង់ និងផ្ដល់ក្ដីសង្ឃឹមសម្រាប់ពួកគេក្នុងការឡើងទៅ វគ្គ 16 ក្រុមចុង ក្រោយ ពេលប៉ះកូស្តារីកា នៅប្រកួតបន្ទាប់។

អ្នកគាំទ្រ Premier League ជាច្រើនប្រហែលជាមិនធ្លាប់បានឮអំពីកីឡាករវ័យ 28 ឆ្នាំរូបនេះទេ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រ Arsenal ប្រហែលជាស្គាល់ខ្សែប្រយុទ្ធជប៉ុន Asano ។

Asano បានចូលរួមជាមួយ Arsenal នៅរដូវក្តៅឆ្នាំ 2016 ពីក្លិប Sanfrecce Hiroshima ដោយបានមកដល់កីឡដ្ឋាន Emirates ដោយអតីតគ្រូបង្វឹកលោក Arsene Wenger ជឿជាក់ថា ខ្សែប្រយុទ្ធជប៉ុនរូបនេះ នឹងមានអនាគតភ្លឺស្វាង។

Asano បានជួបបញ្ហាដោយត្រូវបានបដិសេធលិខិតអនុញ្ញាតការងារនៅចក្រភពអង់គ្លេស។ដូច្នេះគេមិនឱ្យលេងនៅ Premier League ឡើយ ហើយត្រូវបានបញ្ជូនឱ្យទៅក្លិប Stuttgart ខ្ចីជើង ដោយជួយឱ្យពួកគេឈ្នះពានរង្វាន់លីគទីពីររបស់អាល្លឺម៉ង់។ ប៉ុន្តែគេនៅតែមិនអាចត្រលប់ទៅ Arsenal វីញ ដោយសារតែលិខិតអនុញ្ញាតការងារ មិនត្រូវបានផ្ដល់ជូនឡើយ។ គេបានចំណាយពេលពីរឆ្នាំបន្ទាប់ ក្នុងការខ្ចីជើងនៅ Stuttgart មុននឹងចូលរួមជាមួយ Hannover 96។

Asano ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយក្លិប Partizan Belgrade នៅប្រទេសស៊ែប កាលពីឆ្នាំ 2019 លើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍។ ទីបំផុតគេបានរកឃើញទម្រង់លេងក្នុងប្រទេសស៊ែប ដោយស៊ុតបញ្ចូលទីបាន 18 គ្រាប់ក្នុង 33 ប្រកួតក្នុងក្របខណ្ឌ SuperLiga ក្នុងរដូវកាល 2020-2021 ដោយស៊ុតបញ្ចូលទីបាន 30 គ្រាប់ក្នុង 77 ប្រកួតសម្រាប់ Partizan មុនពេលចូលរួមជាមួយក្លិប Bochum នៅអាល្លឺម៉ង់ជាថ្មី ដែលធ្វើឱ្យគេត្រូវបានកោះហៅសម្រាប់ក្រុមជម្រើសជាតិជប៉ុនសម្រាប់ FIFA World Cup Qatar 2022 ៕

 

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង