Neymar បានស្រក់ទឹកភ្នែកនៅកៅអីបម្រុង នៅចុងបញ្ចប់នៃការប្រកួតបើកឆាក FIFA World Cup Qatar 2022 ដែលប្រេស៊ីល បានយកឈ្នះលើក្រុម ស៊ែប ក្នុងលទ្ធផល 2-0 ក្នុងពូល G បន្ទាប់ពីត្រូវបានប្តូរចេញដោយរបួសកជើង។
វេជ្ជបណ្ឌិតក្រុមប្រេស៊ីលបានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះបានរងរបួស ហើយ នឹងត្រូវធ្វើការវិនិច្ឆ័យឡើងវិញនៅថ្ងៃសុក្រ។ ចំណែកលោក Tite គ្រូបង្វឹកប្រេស៊ីលបានទទូចថា៖ “យើងមានទំនុកចិត្តថា Neymar នឹងបន្តលេងនៅ World Cup”។
កីឡាករវ័យ 30 ឆ្នាំរូបនេះត្រូវបានជំនួសនៅនាទីទី 80 បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីសំណាក់កីឡាករ Nikola Milenkovic ។ គេបានអង្គុយបិទមុខពេលកំពុងទទួលការព្យាបាល ហើយរូបភាពបង្ហាញថា កជើងខាងស្តាំរបស់គាត់ហើមខ្លាំង។
ប្រេស៊ីល នឹងប៉ះជាមួយស្វីសនៅថ្ងៃទី28 ខែវិច្ឆិកា (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 10:30 នាទីយប់) និងប៉ះកាម៉េរូន នៅយប់ថ្ងៃទី 2 ឈានចូលថ្ងៃទី 3 ខែធ្នូ (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រ)។
សូមបញ្ជាក់ថា Neymar បានខកខានការប្រកួតពានរង្វាន់ Copa America ឆ្នាំ 2019 បន្ទាប់ពីទទួលរងការរហែកសរសៃចងនៅកជើងខាងស្តាំ ហើយត្រូវអវត្តមានជាច្រើនសប្តាហ៍ក្នុងឆ្នាំ 2021 ជាមួយនឹងរបួសស្រដៀងគ្នានេះ៕
(ទស្សនាវីដេអូ highlight)