Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ចំនួន 5 ផ្សេងៗគ្នា នៅពេលដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះហ្គាណា ដោយលទ្ធផល 3-2 ក្នុងពូល H នៃព្រឹត្តិការណ៍នៅប្រទេសកាតា កាលពីយប់មិញ។
Ronaldo វ័យ 37 ឆ្នាំរូបនេះ បានរកគ្រាប់បាល់បើកឆាកពីការស៊ុតបាល់ប៉េណាល់ទី នៅនាទីទី 65 បន្ទាប់ពីខ្សែការពារ Mohammed Salisu របស់ប្រទេសហ្គាណា បង្កកំហុសលើគាត់។
ប្រធានក្រុមព័រទុយហ្គាល់ មានឱកាសមួយចំនួនផងដែរនៅដើមការប្រកួត ប៉ុន្តែត្រូវបានបដិសេធដោយអ្នកចាំទីហ្គាណា។ មានគ្រាប់បាល់របស់គាត់មួយ មិនត្រូវបានអនុញ្ញាតដោយសាររុញទៅលើខ្សែការពារ Alexander Djiku ។
ជ័យជម្នះនេះមានន័យថា ព័រទុយហ្គាល់ ឈរលើគេក្នុងពូល H បន្ទាប់ពីអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង បានប្រកួតស្មើដោយគ្មានគ្រាប់បាល់។
ព័រទុយហ្គាល់ នឹងត្រូវប្រកួតជាមួយអ៊ុយរុយហ្គាយ នៅថ្ងៃទី 28 ឈានចូល 29 ខែវិច្ឆិកា (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រ) និងប្រកួតជាមួយកូរ៉េខាងត្បូង នៅថ្ងៃទី2 ខែធ្នូ (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយកត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ)៕
(ទស្សនាវីដេអូ highlight)