×

Son ថាខ្លួនលេងទាំងឈឺចាប់ត្រង់មុខរបួស ដើម្បីកូរ៉េខាងត្បូង (មានវីដេអូ)

ប្រធានក្រុមកូរ៉េខាងត្បូង Son Heung-min ដែលពាក់របាំងមុខដើម្បីការពាររបួស បានសារភាពថា របួសនៅជិតភ្នែកនៅតែឈឺចាប់ ប៉ុន្តែគាត់នៅតែបន្តព្យាយាមលេងដើម្បីក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងការប្រកួតដែលស្មើជាមួយ អ៊ុយរុយហ្គាយ ក្នុងលទ្ធផល 0-0 នៅពូល H នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

Son បានរងរបួសប្រេះឆ្អឹងភ្នែកខាងឆ្វេងរបស់គាត់ កាលពីដើមខែខែវិច្ឆិកា និងទទួលការវះកាត់ដោយជោគជ័យផងដែរ។ ការប្រកួតម្សិលមិញ គឺជាការប្រកួតលើកដំបូងរបស់គាត់ បន្ទាប់ពីអវត្តមានពីទីលានប៉ុន្មានសប្ដាហ៍កន្លងទៅ។

Son បាននិយាយថា៖ “ខ្ញុំមិនមែនជាកីឡាករដំបូងដែលពាក់របាំងការពារមុខនោះទេ។ នេះមិនមែនជាស្ថានភាពល្អសម្រាប់ខ្ញុំទេ ព្រោះខ្ញុំធ្លាប់ឃើញកីឡាករផ្សេងទៀតក៏ដូចខ្ញុំដែរ”។ ទោះវា មិនងាយស្រួលបន្តិច ប៉ុន្តែវាជាកិត្តិយសដ៏ធំមួយដែលបានពាក់អាវក្រុមជម្រើសជាតិ ហើយលេងក្នុងការប្រកួតបែបនេះ”។

Son បានបន្តថា៖ “ខ្ញុំអាចលេងនៅក្នុងការប្រកួតនេះបានដោយសារជំនួយពីមិត្តរួមក្រុមរបស់ខ្ញុំ។ ពួកយើងមានគោលដៅតែមួយ” ។ “ខ្ញុំគិតថាវាបានជួយកាត់បន្ថយការឈឺចាប់មួយចំនួនដែលខ្ញុំមាន”។

ទោះជាយ៉ាងណា Son បានបង្ហាញការលេងដ៏ល្អមួយទល់នឹងអ៊ុយរុយហ្គាយ នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan ភាគខាងលិចនៃទីក្រុងដូហា ទោះបញ្ចប់ទៅដោយគ្មានគ្រាប់បាល់ក៏ដោយ។

សូមជម្រាបថា កូរ៉េខាងត្បូង នឹងប្រកួតជាមួយ ហ្គាណា នៅថ្ងៃទី 28 ខែវិច្ឆិកា (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ចាប់ពីម៉ោង 7:30 នាទីយប់) និងបន្តប៉ះក្រុមព័រទុយហ្គាល់ នៅថ្ងៃទី 2 ខែធ្នូ (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ)៕

 

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង