លោក Paulo Bento បានមិនអាចឈរបញ្ជាកូនក្រុមរបស់គាត់បានឡើយ សម្រាប់ការប្រកួតរវាងកូរ៉េខាងត្បូង ទល់នឹងព័រទុយហ្គាល់ ដែលជាការប្រកួតដ៏សំខាន់របស់ក្រុមអាស៊ី បន្ទាប់ពីគ្រូបង្វឹករបស់កូរ៉េរូបនេះ បានទទួលកាតក្រហមនៅក្រោយពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត។
លោក Bento បានតវ៉ាតឹងសរសៃកជាមួយលោក Anthony Taylor បន្ទាប់ពីអាប៊ីតរូបនេះ បានសម្រេចចិត្តផ្លុំកញ្ចែរបញ្ចប់ការប្រកួត នៅពេលដែលកូរ៉េខាងត្បូង ដែលកំពុងរកគ្រាប់បាល់តាមស្មើ ត្រូវទាត់បាល់ជ្រុងមួយចុងក្រោយរបស់ពួកគេ។ ដូច្នេះការទាត់បាល់ជ្រុង ក៏ត្រូវទុកជាអសាបង់។
អវត្តមានរបស់ Bento មានន័យថា គ្រូជំនួយលោក Sergio Costa នឹងអាចរ៉ាប់រងតួនាទីជំនួសនៅលើទីលាន សម្រាប់ការប្រកួតចុងក្រោយដែលកូរ៉េខាងត្បូង ត្រូវការឈ្នះជាដាច់ខាតលើព័រទុយហ្គាល់ ដើម្បីមានសង្ឃឹមក្នុងការឈានទៅវគ្គ 16 ចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។
កូរ៉េខាងត្បូង ដែលបានប្រកួតស្មើគ្នាជាមួយអ៊ុយរុយហ្គាយដោយគ្មានគ្រាប់បាល់កាលពីប្រកួតបើកឆាកពូល H នឹងសង្ឃឹមផងដែរថា អ៊ុយរុយហ្គាយ នឹងអាចយកឈ្នះលើហ្គាណាត្រឹមតែ1គ្រាប់ប៉ុណ្ណោះ។
គ្រាប់បាល់របស់កូរ៉េខាងត្បូង ធ្វើបានដោយ Cho Gue-sung 58′, 61′ ខណៈហ្គាណា ធ្វើបានដោយ Mohammed Salisu 24′, Mohammed Kudus 34′, 68′ ៕
(ទស្សនាវីដេអូ highlight)