×

FIFA បើកការស៊ើបអង្កេតករណីផ្អាកការប្រកួតរវាងប្រេស៊ីល និង អាហ្សង់ទីន

សហព័ន្ធបាល់ទាត់ពិភពលោក FIFA ត្រៀមបើកការស៊ើបអង្កេតជុំវិញការបញ្ឈប់ការប្រកួតជម្រុះ World Cup រវាងប្រេស៊ីល និងអាហ្សង់ទីន កាលពីពេលកន្លងទៅ។

ជាការពិត អំឡុងការប្រកួតរវាងក្រុមទាំងពីរ នៅកីឡដ្ឋាន Neo Quimica Arena អាជ្ញាធរសុខាភិបាលប្រេស៊ីល បានធ្វើអន្តរាគមន៍ដល់ទីលាន ដោយចោទប្រកាន់កីឡាករអាហ្សង់ទីនចំនួន៤រូប ថា បានបំពានច្បាប់ចត្តាឡីស័ក។ ការប្រកួត ក៏ត្រូវបានបញ្ឈប់តែម្តង ក្រោយចាប់ផ្តើមបានប៉ុន្មាន៥នាទីប៉ុណ្ណោះ។

កីឡាករទាំង៤រួមមាន អ្នកចាំទី Emiliano Martinez និងខ្សែប្រយុទ្ធ Emiliano Buendia របស់ Aston Villa រួមជាមួយ Giovani lo Celso និង Cristian Romero របស់ Tottenham Hotspur។ ច្បាប់របស់ប្រេស៊ីល តម្រូវឱ្យអ្នកធ្វើដំណើរមកពី អង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌា ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន ពេលធ្វើដំណើរដល់ប្រទេសនេះ ប៉ុន្តែកីឡាករទាំង៤រូប បានគេចវេះពីច្បាប់។

ជុំវិញករណីនេះ FIFA នឹងស៊ើបរកការពិតឱ្យបានច្បាស់ ទាំងវិន័យកីឡាករ និងការបញ្ឈប់ការប្រកួតពាក់កណ្តាលទី។ លោក Infantino ប្រធាន FIFA ក៏បានបង្ហាញការសោកស្តាយដែរ ពីការផ្អាកការប្រកួតរវាងក្រុមទាំងពីរ ធ្វើឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ខកចិត្តផងដែរ។

សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏អះអាងទៀតថា ខ្លួនបានទទួលរបាយការណ៍ពីមន្រ្តីការប្រកួតនេះរួចហើយ ខណៈព័ត៌មាន នឹងត្រូវបានវិភាគដោយស្ថាប័នវិន័យមានសមត្ថកិច្ច ហើយការសម្រេចចិត្តនឹងត្រូវធ្វើឡើងតាមកាលកំណត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង