×

UEFA ត្រៀមឱ្យអ្នកគាំទ្រក្រុមភ្ញៀវ អាចចូលទស្សនាការប្រកួតដោយផ្ទាល់វិញនាពេលឆាប់ៗនេះ

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថា ពួកគេត្រៀមផ្តល់ការអនុញ្ញាតឱ្យអ្នកគាំទ្រក្រុមភ្ញៀវ អាចចូលទស្សនាការប្រកួតកម្មវិធីទ្វីបអឺរ៉ុបនានាដោយផ្ទាល់ក្នុងកីឡដ្ឋានវិញហើយ ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។

ជាការពិត អ្នកគាំទ្រក្រុមភ្ញៀវ មិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាស្ទើរគ្រប់ការប្រកួតនៅក្នុងកម្មវិធីអឺរ៉ុប ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩មក។ ជាក់ស្តែង ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League និង Europa League កាលពីខែឧសភាកន្លងទៅ បានបើកសម្រាប់តែអ្នកគាំទ្រក្រុមម្ចាស់ផ្ទះចូលទស្សនា និងមានចំនួនកំណត់តិចតួចប៉ុណ្ណោះ។

យ៉ាងណាក្តី បន្ទាប់ពីខកខានអស់រយៈពេលប្រមាណ ១៨ខែ UEFA នៅពេលនេះបើកភ្លើងខៀវឱ្យអ្នកគាំទ្រក្រុមភ្ញៀវចូលទស្សនាដល់កីឡដ្ឋានតែម្ដង ក្នុងការប្រកួតដូចជា UEFA Champions League, UEFA Europa League និង UEFA Conference League។
បើតាមប្រភព UEFA ចំនួនអ្នកគាំទ្រក្រុមក្រៅដី អាចនឹងអនុញ្ញាតក្នុងជំហានដំបូងក្នុងចំនួនប្រមាណ ៥ភាគរយ នៃចំនួនទស្សនិកជននៅក្នុងកីឡដ្ឋានសរុប។ យ៉ាងណាក៏ដោយ ការធ្វើដំណើរឆ្លងប្រទេសនៅតែត្រូវគោរពតាមវិធានការរបស់ប្រទេសម្ចាស់ផ្ទះដដែលដូចជា តម្រូវការឱ្យបង្ហាញកាតចាក់វ៉ាក់សាំង និងមានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ១៩ ជាដើម។

សូមជម្រាបផងដែរថា នៅក្នុងរដូវកាលថ្មីនេះ គេសង្កេតឃើញថា ក្លិបអឺរ៉ុបមួយចំនួនដូចជានៅ Premier League ជាដើមបានអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាវិញអស់ហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង