ក្រុមការពារជើងឯកពិភពលោក បារាំងបានក្លាយជាក្រុមដំបូងគេដែលឈានទៅវគ្គ 16 ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ដោយដណ្ដើមបាន 6 ពិន្ទុ នៅក្នុងពូល D ។ ដូច្នេះនៅសល់ អូស្ត្រាលី (3 ពិន្ទុ) ដាណឺម៉ាក (1ពិន្ទុ) និងទុយណេស៊ី (1ពិន្ទុ) សុទ្ធតែមានភាគរយដើម្បីឆ្លងទៅវគ្គបន្ទាប់។
ក្នុងការប្រកួតចុងក្រោយ បារាំងត្រូវប៉ះទុយណេស៊ី ខណៈអូស្ត្រាលីត្រូវប៉ះដាណឺម៉ាក។
អូស្ត្រាលី៖ កំពុងនៅចំណាត់ថ្នាក់លេខ 2 ក្នុងតារាងពូល D ។ ប្រសិនបើពួកគេយកឈ្នះក្រុមដាណឺម៉ាកក្នុងការប្រកួតចុងក្រោយនេះ នោះអូស្ត្រាលីនឹងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាមួយបារាំង។ លទ្ធផលស្មើ ក៏នឹងគ្រប់គ្រាន់សម្រាប់ក្រុមអូស្ត្រាលី ប្រសិនបើបារាំងយកឈ្នះ ឬស្មើជាមួយទុយណេស៊ី។
ដាណឺម៉ាក៖ ត្រូវយកឈ្នះអូស្ត្រាលីក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ ដើម្បីឈានទៅវគ្គបន្ត។ ការស្មើ ឬចាញ់ នឹងធ្វើឱ្យពួក គេ អាលអាវត្រឹមវគ្គនេះ។
ទុយណេស៊ី៖ ប្រកួតទល់នឹងក្រុមបារាំង ពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីអាចឡើងទៅកាន់វគ្គ 16 ក្រុមបាន។ ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទេ។ ទុយណេស៊ីមិនត្រឹមតែត្រូវការ 3 ពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងត្រូវការឱ្យដាណឺម៉ាកឈ្នះ ឬស្មើអូស្ត្រាលីផងដែរ។ ក្នុងករណីនេះ ក្រុមដែលត្រូវឡើង នឹងត្រូវបានសម្រេចតាមរយៈផលសងគ្រាប់បាល់រវាងក្រុមទាំង 3 ដែលកំពុងប្រកួតប្រជែង៕
កម្មវិធីផ្សាយបន្តផ្ទាល់យប់នេះ៖
-អូស្ត្រាលី Vs ដាណឺម៉ាក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-ទុយណេស៊ី Vs បារាំង ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-ប៉ូឡូញ Vs អាហ្សង់ទីន ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTNនិង CNC តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ
-អារ៉ាប៊ីសាអ៊ូឌីត Vs ម៉ិកស៊ិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ៕