×

គ្រាប់បាល់ជ័យជម្នះរបស់ជប៉ុន ត្រូវបានប្រៀបធៀបជាមួយគ្រាប់បាល់របស់ Lampard នៅ World Cup 2010

អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស បានប្រៀបធៀបគ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិជប៉ុនទៅនឹងគ្រាប់បាល់របស់ Frank Lampard ដែលត្រូវបានបដិសេធសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដែលធ្វើឱ្យពួកគេធ្លាក់ចេញពី World Cup កាលពីឆ្នាំ 2010 ។

អាល្លឺម៉ង់ បានយកឈ្នះ 4-2 លើកូស្តារីកា ខណៈដែលជប៉ុនបានយកឈ្នះ 2-1 លើអេស្ប៉ាញ មានន័យថា ក្រុមអាល្លឺម៉ង់របស់លោក Hansi Flick ត្រូវហាលអាវត្រឹមវគ្គសន្សំពិន្ទុក្នុងពូល E ។

ភាពចម្រូងចម្រាស បានកើតឡើតក្នុងការប្រកួតរបស់ជប៉ុនជាមួយអេស្ប៉ាញ បន្ទាប់ពីអាល្លឺម៉ង់ បានអះអាងថា បាល់បានក្រៅខ្សែបន្ទាត់ជិតទី មុនពេលបោះកាត់ឱ្យកីឡាករ Ao Tanaka របស់ជប៉ុន ស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ។

បន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយ អ្នកគាំទ្រអង់គ្លេស បានប្រៀបធៀបទៅនឹងគ្រាប់បាល់របស់ Frank Lampard ដែលគេហៅថា “គ្រាប់បាល់ខ្មោច (Ghost Goal)” ក្នុងឆ្នាំ 2010 ដែលបានឆ្លងកាត់ខ្សែបន្ទាត់ ប៉ុន្តែអាជ្ញាកណ្ដាលមិនបានផ្តល់ឱ្យទេ នៅពេលដែលអង់គ្លេសត្រូវបានអាល្លឺម៉ង់នាំមុខ 2-1 ។

អ្នកគាំទ្រអង់គ្លេស បានបញ្ចេញមតិលើ Twitter ថា អាល្លឺម៉ង់បានយល់អារម្មណ៍ របស់ពួកគេហើយ ហើយខ្លះបានបង្ហោះថា៖ “មួយនេះគឺសម្រាប់បាល់ខ្មោចរបស់ Lampard ក្នុងឆ្នាំ 2010។”

គួរបញ្ជាក់ថា ជប៉ុនបានវាយបកមកលើអេស្ប៉ាញ ដែលបាននាំមុខមុននៅនាទីទី 12 ពីកីឡាករ Alvaro Morata ក្នុងវគ្គទី 2 តាមរយៈកីឡាករ Ritsu Doan នៅនាទីទី 48 និង Ao Tanaka នៅនាទីទី 51 ។

លទ្ធផលនេះ មានន័យថា ជប៉ុនបានបញ្ចប់វគ្គចែកពូលនៅចំណាតថ្នាក់លេខ 1 លើអេស្ប៉ាញ ដែលបានស្មើពិន្ទុគ្នាជាមួយអាល្លឺម៉ង់ ប៉ុន្តែអេស្ប៉ាញមានបាល់ចំណេញច្រើនជាង 5 គ្រាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង