×

ឃីម បូរ៉ា ទទួលបានខ្សែក្រវ៉ាត់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ជាផ្លូវការណ៍ហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថានីយទូរទស្សន៍ CNC និងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ បានរៀបចំប្រគល់ពានរង្វាន់ខ្សែក្រវ៉ាត់ និងប្រាក់រង្វាន់ជូនដល់លោក ឃីម បូរ៉ា និងលោក ម៉ឺន មេឃា រួចរាល់ហើយ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើការសម្រេចលទ្ធផលវគ្គផ្តាច់ព្រ័ត្រកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក។

រយៈពេល២៤ម៉ោង បន្ទាប់ពីបញ្ចប់លទ្ធផលប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ CNC អ្នកតស៊ូគុនខ្មែរគោជល់ រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា កាលពីថ្ងៃសៅរ៍ទី១០ ខែកក្កដា ឆ្នាំ២០២១, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចមិនលើកពេលការប្រកួតជាថ្មីឡើយ ដោយប្រគល់ជើងឯកដល់ ឃីម បូរ៉ា តែម្តង។

គួររម្លឹកថា ឃីម បូរ៉ា ត្រូវបាន ម៉ឺន មេឃា លើកបោកនៅចុងទឹកទី៣ ក្នុងជំនួបដណ្តើមខ្សែរក្រវ៉ាត់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដែលទម្រង់នៃការបោកនោះ គឺខុសទាំងស្រុងទៅនឹងលក្ខខណ្ឌនៃការប្រកួតក្បាច់ប្រដាល់គុនខ្មែរ។

ការសម្រេចជំហានបឋមរបស់ភាគីសហព័ន្ធ ស្ថានីយទូរទស្សន៍CNC និងក្រុមហ៊ុនឧបត្ថម្ភ គឺ ត្រូវលើកពេលពីរសប្តាហ៍ ដើម្បីប្រកួតម្តងទៀត ក្នុងចេតនាបញ្ជាក់ពីសមត្ថភាពពិតរបស់កីឡាករ។ បន្ទាប់ពីបានពិនិត្យឡើងវិញម្តងទៀតទើបសហព័ន្ធប្រដាល់គុនខ្មែរ បានផ្តល់ការកាត់ក្តីចុងក្រោយឱ្យ ឃីម បូរ៉ា ជាអ្នកឈ្នះតែម្តង។

ពិធីប្រគល់ពានរង្វាន់ និងខ្សែក្រវ៉ាត់ផ្លូវការ ដែលមានលោក ស៊ីថូ ណាថាន់ អ្នកសម្របសម្រួលគឺ ដំណើការតាមផែនការ ដោយ ឃីម បូរ៉ា ជាម្ចាស់ជើងឯក ទទួលបានខ្សែក្រវ៉ាត់ ១គ្រឿង អមដោយពាន និងប្រាក់ចំនួន ២០លានរៀល។ ចំណែក ម៉ឺន មេឃា ជាជើងឯករង ទទួលបានពាន និងប្រាក់៨លានរៀល។

ឃីម បូរ៉ា បានបង្ហាញពីចំណាប់អារម្មណ៍លើភាពរីកចម្រើនរបស់ ម៉ឺន មេឃា ចំណែក មេឃា ក៏បានបង្ហាញពីការសោកស្តាយ ចំពោះហេតុការណ៍នោះផងដែរ។ សរុបមកអ្នកទាំំងពីរធ្លាប់ប្រកួតគ្នាចំនួន៣លើក ដោយ ឃីម បូរ៉ា ជាអ្នកឈ្នះទាំង ៣លើក។

ខ្សែក្រវ៉ាត់នេះ នឹងដាក់ឱ្យ ឃីម បូរ៉ា ប្រកួតការពារនៅក្នុងពេលវេលាសមស្របមួយជាមួយបេក្ខភាពណាម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់។ ខ្សែក្រវ៉ាត់នេះ បានរចនារូបម្ចាស់ជើងឯកទុកជាភស្តុតាងតាមជំនាន់បន្តបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង