×

ហុល្លង់ប៉ះអាមេរិក ខណៈអាហ្សង់ទីនជួបអូស្ត្រាលី នៅវគ្គ16ក្រុមចុងក្រោយWorld Cupយប់នេះ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់

ការប្រកួតវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នឹងចាប់ផ្ដើមចាប់ពីយប់នេះតទៅ ជាមួយនឹងការប្រកួត 2 គូដ៏ជក់ចិត្ត។

ហុល្លង់ នឹងត្រូវជួបជាមួយសហរដ្ឋអាមេរិក ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ។

ហុល្លង់ បានយកឈ្នះសេណេហ្គាល់ និងកាតា ដោយលទ្ធផល 2-0 ហើយប្រកួតស្មើ 1-1 ជាមួយអេក្វាឌ័រ នៅក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ។ ចំណែក សហរដ្ឋអាមេរិក ស្មើជាមួយវែលស៍ 1-1 និងបន្តស្មើដោយគ្មានគ្រាប់បាល់ជាមួយអង់គ្លេស មុនពេលយកឈ្នះលើអ៊ីរ៉ង់ក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងពូល B។

សូមបញ្ជាក់ថា ហុល្លង់ បានយកឈ្នះអាមេរិក នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិចំនួន 4 ដងក្នុងចំណោម 5 ប្រកួតកន្លងទៅ។

ក្នុងការប្រកួតមួយគូផ្សេងទៀត អាហ្សង់ទីន នឹងត្រូវតតាំងជាមួយ អូស្ត្រាលី ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។

អាហ្សង់ទីន បានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក នៅពេលដែលពួកគេបានប្រកួតបើកឆាកពូល C ចាញ់អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែបានយកឈ្នះម៉ិកស៊ិក និងប៉ូឡូញជាបន្តបន្ទាប់ ដើម្បីបញ្ចប់នៅចំណាត់ថ្នាក់លេខ 1 ក្នុងពូលរបស់ពួកគេ។ រីឯ អូស្ត្រាលី ក្រៅតែពីរងការបរាជ័យក្រោមថ្វីជើងរបស់ក្រុមការពារតំណែងជើងឯកបារាំង មិនទាន់ស្មើ ឬចាញ់ទៀតឡើយ ខណៈពួកគេ បានយកឈ្នះទុយណេស៊ី និងដាណឺម៉ាក ដោយលទ្ធផល 1-0 ដូចគ្នា ក្នុងពូល D ។

គួរជម្រាបថា អូស្ត្រាលី បានយកឈ្នះអាហ្សង់ទីនតែម្ដងគត់ ក្នុងប្រវត្តិប៉ះគ្នា 7 ដងកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង